(ភ្នំពេញ)៖ ទីតាំងទទួលទិញកាត់ក្បាលឡាន និងទិញទាំងអេតចាយដ៏ធំមួយរបស់ឈ្មោះ ស៊ុន វណ្ណឌឿន ស្ថិតនៅលើកំណាត់ផ្លូវលេខ២២៦ ក្រុម៤៧ ភូមិ១៣ មណ្ឌល៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក សង្ស័យគ្មានច្បាប់ទម្លាប់ត្រឹមត្រូវច្រើនឆ្នាំមកហើយ កំពុងបន្តបង្កការកកស្ទះចរាចរណ៍ និងរំពងសម្លេងរំខាន ជាពិសេសជះក្លិនផ្សែង (អ៉ីត្រូហ៊្សែន) យ៉ាងខ្លាំងធ្វើឲ្យប៉ះពាល់ សុខភាពក្មេងៗ និងអ្នកមានផ្ទៃពោះយ៉ាងធ្ងន់ធ្ងរ។

បញ្ហានេះពុំទាន់ឃើញមានអាជ្ញាធរ ឬការិយាល័យជំនាញ មានវិធានការទប់ស្កាត់នៅឡើយទេ។

ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញទីតាំងខាងលើនេះ តាមរយៈអ្នកយកព័ត៌មានអង្គភាព Fresh News នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសំណូមពរយ៉ាងទទូចឲ្យលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក មេត្តាធ្វើយ៉ាងណាជួយពិនិត្យឡើងវិញផង ចំពោះទីតាំងទទួលទិញកាត់ក្បាលឡាន និងទិញអែតចាយរបស់ឈ្មោះ ស៊ុន វណ្ណឌឿន ប្រសិនជាអាចជួយបិទ ឬប្ដូរទីតាំងនេះចេញតែម្ដងទៅ។

ព្រោះក្រៅពីបង្កសម្លេងរំពងសំខាន និងជះក្លិនផ្សែង (អ៉ីត្រូហ៊្សែន) នៃការផ្សាអ៉ិចទ្រិចកាត់ក្បាលរថយន្ដ តាំងពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៦ល្ងាច រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពក្មេងៗ និងជាពិសេស ប៉ះពាល់ដល់អ្នមានផ្ទៃពោះយ៉ាងធ្ងន់ធ្ងរ។ ទីតាំងនេះក៏បានបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ ដោយសារតែផ្លូវរួមតូច បែរជាម្ចាស់ទីតាំងបញ្ជាឲ្យរថយន្ដធំៗ ដឹកសម្ភារចូលចត និងមានទាំងរទេះរុញដឹកអែតចាយជាច្រើនគ្រឿងទៅទម្លាក់សម្ភារផ្សេងៗ ស្ទើរតែបិទផ្លូវទាំងស្រុង។

ជាការឆ្លើយតបនិងការប្រឈមចំពោះហានិភ័យខ្ពស់លើប្រជាពលរដ្ឋនេះ លោកស្រី ភួង គឹមលាង ប្រធានភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បានប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News ថា ទីតាំងទទួលទិញកាត់ក្បាលឡាន និងទិញអែតចាយ ស្ថិតនៅលើកំណាត់ផ្លូវលេខ២២៦នេះ ពិតជាបង្កផលប៉ះពាល់ដូចការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញទីតាំងនេះ ពិតប្រាកដមែន។

ជាមួយគ្នានេះ លោកស្រីមេភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក សូមស្នើឲ្យប្រជាពលរដ្ឋ ដែលរស់នៅជុំវិញទីតាំង ហើយទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនេះ គួរតែដាក់ពាក្យបណ្ដឹង មកកាន់អាជ្ញាធរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដើម្បីមានវិធានការទប់ស្កាត់៕