(កណ្ដាល)៖ រាល់ការលំបាកនានា ឬការទទួលមរណកាលណាមួយកើតឡើង ចំពោះនគរបាលខេត្តកណ្ដាល លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការខេត្ដកណ្ដាល តែងតែឲ្យកម្លាំងចុះជួយ ឬចូលរួមមរណទុក្ខ ឬផ្ដល់ជំនួយក្នុងនាមកងកម្លាំងនគរបាលជាតិដូចគ្នា។

ជាក់ស្ដែងនៅថ្ងៃទី២៤ ខែកុម្ភៈនេះ គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លុយ ធៀម ស្នងការរងតំណាងលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត និងមន្ត្រីនគរបាលជាច្រើននាក់ផ្សេងទៀតសរុប ៤៣នាក់ ប្រគល់ថវិកាសមាគមមិត្តនគរបាលជូនគ្រួសារ នៃសពមន្ត្រីនគរបាលចំនួន១រូប។

លោកឧត្តមសេនីយ៍ត្រី លុយ ធៀម ស្នងការរងនគរបាលខេត្តកណ្ដាលបានឲ្យ Fresh News ប្រចាំខេត្តកណ្ដាលដឹងថា ថវិកាដែលគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តកណ្តាល ប្រគល់ជូនគ្រួសារ នៃសពមន្ត្រីចំនួន ១រូប គឺសពលោកអនុសេនីយ៍ឯក ប៊ិញ ចាន់វិបុល អត្តលេខ២១០៦៩ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ធបាលឃុំសំពៅពូន ស្រុកកោះធំ ដែលទទួលមរណភាព កាលពីថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២០ នូវថវិការរបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ចំនួន២លានរៀល និងថវិកាសមាគមចំនួន ១លានរៀៗ ដែលសរុបមានចំនួនចំនួន ៣លានរៀល។

ក្នុងគ្រាជាមួយគ្នានោះដែរ ក្រុមគ្រួសារសព បានសម្ដែងគារវកិច្ច និងថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល, លោកស្នងការរង ក៏ដូចប្រតិភូទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ និងសមាណចិត្តជ្រះថ្លាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។

កាយវិការមនុស្សធម៌នេះ ត្រូវបានក្រុមមន្ត្រីនគរបាលខេត្តកណ្ដាលទាំងអស់ បានសំដែងការរំភើបចេញពីចិត្ត ដែលបានឃើញថ្នាក់ដឹកនាំ, គិតគូរ, ជួយ, យកចិត្តទុកដាក់ និងស្រលាញ់កូនចៅថ្នាក់ក្រោមយ៉ាងដូច្នេះ៕