(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដឹកមន្ត្រីកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារដារ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យស្លាកសញ្ញា រួមទាំងកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ លើផលិតផលគ្រឿងឧបភោគបរិភោគ និងធ្វើតេស្តលើគំរូផលិតផលអំបិលអ៊ីយ៉ូដ។

តាមរយៈការត្រួតពិនិត្យដែលបានធ្វើឡើង មន្ត្រីជំនាញធ្វើតេស្តបឋម ទៅលើអំបិលដែលមានជាតិអ៊ីយ៉ូដ ឃើញថាមានអនុលោមភាពជាមួយនឹងសេចក្តីប្រកាស នៅលើសំបកវេចខ្ចប់ត្រឹមត្រូវ ពិតប្រាកដមែន។ ព្រមទាំងពិនិត្យឃើញ និងដកហូត ប្រហិត និងសាច់ប៉ាតេ រួមទាំងភេសជ្ជៈកូកាកូឡាបានមួយចំនួន ដែលហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាពប្រើប្រាស់ យកទៅកម្ទេចចោលផងដែរ។

ទន្ទឹមនោះ មន្ត្រីកាំកុងត្រូល បានបិទស្លាកដែលមានខ្លឹមសារអប់រំ ដើម្បីយល់ដឹងអំពីការជ្រើសរើសម្ហូបអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងពន្យល់ណែនាំដល់អាជីវករ ឱ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការដាក់តាំងលក់ទំនិញ ដោយជៀសវាងរាល់ទំនិញគ្មានស្លាកសញ្ញាត្រឹមត្រូវ គ្មានប្រភពច្បាស់លាស់ ពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញត្តិនៃច្បាប់៕