(ពោធិ៍សាត់)៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្ទះព្រៃ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចាប់វាយខ្នោះកូនតិរិច្ឆានម្នាក់ ក្រោយប្រើហឹង្សាលើឪពុកម្តាយ បង្កើតខ្លួនឯង ព្រោះតែខឹងសុំទូរស័ព្ទយកទៅលក់ តែឪពុកម្តាយមិនឱ្យ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង ១០៖០៥នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្ទះជនសង្ស័យស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នគរបាលបានឱ្យភ្នាក់ងារសារព័ត៌មាន Fresh News ឱ្យដឹងថា ជនបង្កឈ្មោះ គា ជីវ័ន្ត (ហៅទី) ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានប្រព្រឹត្តសកម្មភាព វាយបំផ្លិចបំផ្លាញសម្ភារៈ និងប្រើអំពើហឹង្សាមកលើឪពុក រួមទាំងដេញកាប់ឪពុកផងដែរ តែពុំរងរបួសនោះទេ។

ឪពុករបស់ជនបង្កមានឈ្មោះ ស៊ន គា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ។ មូលហេតុដែលកើតមានករណីហឹង្សាខាងលើ គឺដោយសារតែជនបង្ក បានទារទូរស័ព្ទពីឪពុក ម្តាយយកទៅលក់ដើម្បីយកលុយទៅប្រើប្រាស់គ្រឿងញៀន តែឪពុកពុកម្តាយមិនឱ្យ។

ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕