(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចុះអង្កេតទំនិញនៅផ្សារស្វាយដូន កែវនិងផ្សារអូរតាប៉ោង ហើយបានចុះផ្សព្វផ្សាយ-អប់រំស្តីពី «សុវត្ថិភាពម្ហូបអាហារ» ដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យ ស្វាយដូនកែវ ស្ថិតក្នុងភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានសិស្សានុសិស្សចូលរួមសរុប ចំនួន ១៩៣នាក់ ស្រីចំនួន ១០២នាក់។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថានៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញ នៅផ្សារទាំងពីរខាងលើ ក្រុមការងារ បានធ្វើតេស្តបឋម លើផលិតផល ម្ហូប អាហា រ និងទំនិញ វេចខ្ចប់ មួយចំនួន តែជាលទ្ធផល យើងរកមិនឃើញមានសារធាតុគីមីហាមឃាត់ទេ និងទំនិញហួសកាលបរិច្ឆេទឡើយ។

ដោយឡែក នៅព្រឹកនេះដែរ មន្រ្តីជំនាញកាំកុងត្រូល ក៏បាន ចុះអប់រំដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យ ស្វាយដូនកែវ អំពី «សុវត្ថិភាពម្ហូបអាហារ» ដែលមានសារសំខាន់ ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ព្រោះការទទួលខុសត្រូវលើ «សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។

ក្នុងឱកាសនោះ មន្រ្តីកាំកុងត្រូល បានណែនាំអំពីរបៀបជ្រើសរើសផលិតផល ម្ហូបអាហារដែលមានសុវត្ថិភាពយកមកបរិភោគ មានដូចជា៖ ស្លាកសញ្ញា, ថ្ងៃ-ខែ-ឆ្នាំ ផលិត ឬផុតកំណត់រយៈពេល ប្រើប្រាស់ សំបកវេចខ្ចប់ផលិតផល និងផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការបរិភោគ ម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្ម។ ល ៕