(ស្វាយរៀង)៖ គួរឱ្យអាសូណាស់ ដោយសារឆ្លងចរន្តអគ្គិសនី បានបណ្តាលឱ្យក្មេងប្រុសម្នាក់ឆក់ស្លាប់យ៉ាងអាណោចអធ័ម បន្ទាប់ពីជួយរាយខ្សែភ្លើងពូ នៅក្នុងរោងការគេមួយកន្លែង ដោយសារមានភាពធ្វេសប្រហែល បានបណ្តាលឱ្យឆក់ស្លាប់នៅនឹងកន្លែងតែម្តង។ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិព្រៃតាយឹង ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើ បានជួយរាយខ្សែភ្លើងពូដាក់ក្នុងរោងការគេមួយកន្លែង ខណៈកំពុង រាយខ្សែភ្លើងនោះ ពូក៏បានបោះខ្សែភ្លើង រំលងខ្សែភ្លើងខ្មៅ តែបែរជាបោះទៅទើលើខ្សែភ្លើងមេ (ខ្សែភ្លើងរដ្ឋ គឺខ្សែកាបស្រាត) ដែលមានកំលាំងភ្លើងខ្លាំង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ខ្លោចខ្លួនប្រាណស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

ក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ លី ភារុណ អាយុ១២ឆ្នាំ ជាសិស្ស មានបងប្អូន ៤នាក់ ខ្លួនជាកូនទី៤ ហើយទំនេរជួយពូ ដើរដាក់ភ្លើងតាមរោងបុណ្យ រោងការរស់នៅភូមិឃុំកើតហេតុខាងលើ ដែលមានម្តាយឈ្មោះ យ៉ាន អាយុ៤៧ឆ្នាំ និងឪពុកឈ្មោះ ខុន អាយុ៤៨ឆ្នាំ ដែលធ្វើការសំណង់នៅខេត្តកំពត ដោយបានផ្ញើកូនទាំងបួននាក់នៅនឹងបងប្អូន និងម្តាយ (ត្រូវជាយាយ) ជាអ្នកមើលថែ។

ក្រោយពីមានករណីឆ្លងចរន្តអគ្គិសនីឆក់មនុស្សស្លាប់រួចមក កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសលវិច្ច័យពិនិត្យលើសាកសព រួចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕