(ភ្នំពេញ)៖ សប្បុរសជនខ្មែរ ដឹកនាំដោយលោក ស្រេង វង្សហៀង ទីប្រឹក្សាផ្ទាល់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់អំណោយមួយចំនួន ជូនដល់សមាគមតន្រ្តីសំនៀងជនពិការ ដែលបច្ចុប្បន្នពួកគេកំពុង បន្តការសិក្សាជំនាញផ្សេង និងដើរច្រៀងតាមទីប្រជុំនានា ដើម្បីយកថវិកា មកផ្តត់ផ្គងជីវភាព។

អំណោយសប្បុរសធម៌នេះ គឺដើម្បីចែករំលែកការលំបាក របស់បងប្អូនជនពិការភ្នែក ដែលបច្ចុប្បន្នពួកគេបានរស់នៅជុំគ្នា ហើយកំពុងធ្វើការសិក្សាជំនាញផ្សេងៗជាច្រើនដូច ជាការហាត់ភ្លេង ហាត់ច្រៀង និងជំនាញបច្ចេកទេសជាច្រើនទៀតនោះ។

ថ្លែងនៅក្នុងឱកាសទទួល អំណោយសប្បុរសធម៌នោះ លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានឲ្យដឹងថា នាបច្ចុប្បន្ននេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញជនពិការភ្នែក និងតន្រ្តីសមាគមជនពិការ គឺស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានចំនួនជាង២០០នាក់ មកពីទូទាំង២៥រាជធានី-ខេត្ត ហើយពួកគេខ្លះកំពុងបន្តការសិក្សា ហើយខ្លះទៀតកំពុងដើរច្រៀង តាមទីប្រជុំជន និងតាមកម្មវិធីផ្សេងៗ ដើម្បីស្វែងរកលុយដោយខ្លួនឯង ដោយមិនដើរសុំទៀនគេនោះទេ។

លោកស្រីបានបន្តថា នាពេលបច្ចុប្បន្នពួកគេ នៅតែមានការជួយឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសប្បុរសជននានា បើទោះបីជាពួកគេមានជំនាញរកលុយដោយខ្លួនឯងក៏ដោយនោះ។ ប៉ុន្តែទោះជាយ៉ាងណាពួកគេមិនដើរសុំទាន គេនោះឡើយ ហើយពួកគេនឹងខិតខំសាមគ្គីគ្នា ដើម្បីបង្កើនជំនាញផ្សេងៗទៀតផងដែរ សម្រាប់ជីវភាពរបស់ពួកគេនោះ។

លោកស្រីអនុរដ្ឋលេខាធិការបានបន្តទៀតថា មជ្ឈមណ្ឌលដែលពួកគេកំពុងរស់នៅ និងបង្កើនជំនាញនាពេលសព្វថ្ងៃនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ហើយមជ្ឈមណ្ឌល និងអគារទាំងនេះ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនាពេលខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សូមបញ្ជាក់ថា អំណោយដែលសប្បុរសជននានា បានផ្តល់ជូននោះ រួមមាន៖ អង្ករ មី ទឹកត្រី ត្រីខ និងថវិកាមួយចំនួនចំនួនផងដែរ៕