(កំពង់ចាម)៖ អំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានយកទៅផ្តល់ជូនកងវិស្វកម្មដែលកំពុងឈរជើងស្ថាបនាផ្លូវលំ ១ខែ្ស ប្រវែង ៧០០០ម៉ែត្រ ដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់។

ជាក់ស្តែងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំអំណោយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនកងវិស្វកម្មដែលកំពុងបើកការដ្ឋានស្ថាបនាផ្លូវលំ ១ខែ្ស ប្រវែង៧០០០ម៉ែត្រ ស្ថិតឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងឧកញ៉ា ឡូវ ហ៊ឹង បានថ្លែងអំណរគុណ និងសូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដ៏ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង ១ខ្សែ ប្រវែងជិត ៧គីឡូម៉ែត្រ និងទទឹង ៧តភ្ជាប់ទៅផ្លូវជាតិលេខ ៨នៅក្នុងឃុំទងត្រឡាច។

ឆ្លៀតនាឱកាសនោះ នៅក្នុងសាលាឃុំទងត្រឡាចលោក ឡូវ ហ៊ឹង ជំរាបជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទៀតថា ផ្លូវបេតុងនេះក្រោយពីស្ថាបនារួច មិនត្រឹមជួយសំរួលការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺវានឹងធ្វើឲ្យដី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតំបន់នេះមានតម្លៃ ពិសេសដី និងលំនៅដ្ឋានប្រជាពលរដ្ឋដែលនៅអមសង្ខាងផ្លូវ។

លោកបានបន្ថែមទៀតថា តាមរយៈការចារឹកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព»។ ម៉្យាងវិញទៀត ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើឲ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។

ជាចុងក្រោយលោក ឡូវ ហ៊ឹង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ-ឃុំ ក៏ដូចជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា។

លោក ឡូវ ហ៊ឹង បានប្រគល់ថវិកា ២០០០ដុល្លារ សម្រាប់ការកសាងសាលាបឋមសិក្សាខ្ទឹង ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមថវិកាមួយចំនួន ឧបត្ថម្ភថវិកា ២០ម៊ឺនរៀល ដល់គ្រួសារមានជំងឺចំនួន ២គ្រួសារ ឧបត្ថម្ភថវិកាមួយចំនួន ដល់កងវិស្វកម្មស្ថាបនាផ្លូវ និងគ្រឿងឧបភោគ បរិភោគ និងភេសជ្ជះផ្សេងៗទៀត ដែលជាអំណោយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៕