(បាងកក, ថៃ)៖ ដោយទទួលបានការអញ្ជើញពីសំណាក់ក្រុមបាល់ទាត់ នៃមហាអយ្យការព្រះរាជណាចក្រថៃ និងទទួលបានការឧបត្ថម្ភគាំទ្រដោយផ្ទាល់ពីលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រុមបាល់ទាត់សេនាយុត្តិធម៌ បានចូលរួមការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ព្រះរាជអាជ្ញាអាស៊ានលើកទី១ (ASEAN Prosecutor Cup) ដែលការប្រកួតនេះបានប្រព្រឹត្តិឡើងនារសៀល ថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងបាងកក ប្រទេសថៃ។

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមសេនាយុត្តិធម៌ បានថ្លែងថា ការប្រកួតដណ្តើមពានរង្វាន់នេះគឺមានការចូលរួមពីក្រុមបាល់ទាត់ នៃមហាអយ្យការព្រះរាជាណាចក្រថៃ ដែលជាម្ចាស់ផ្ទះ ក្រុមបាល់ទាត់នៃក្រសួងយុត្តិធម៌ប្រទេសជប៉ុន ក្រុមបាល់ទាត់នៃមហាអយ្យការប្រទេសសឹង្ហបូរី និងក្រុមបាល់ទាត់សេនាយុត្តិធម៌។

លោកបានលើកឡើងអំពីគោលបំណង នៃការប្រកួតនេះថា ក្រៅពីដើម្បីបង្ហាញដល់សាធារណជនទូទៅពីផលប្រយោជន៍សុខភាព ដែលបានមកពីការលេងកីឡា ពិសេសកីឡាបាល់ទាត់ ដែលមនុស្សគ្រប់វ័យអាចលេងបាននោះ ការប្រកួតនេះក៏មានគោលដៅផ្លាស់ប្តូរបទពិសោធន៍ផ្នែកបាល់ទាត់រវាងកីឡាករ ដែលមានវ័យចាស់រវាងប្រទេសជាមិត្ត និងជាពិសេសបំផុត គឺដើម្បីរឹតចំណងមិត្តភាព និងបង្កើនសាមគ្គីភាពរវាងអង្គការអយ្យការនៃប្រទសដែលបានចូលរួមប្រកួតឲ្យកាន់តែរឹងមាំ និងស្អិតរមួត។

លោកបានកត់សំគាល់ឲ្យឃើញពីលទ្ធផល នៃការប្រកួតថា ក្រោយបញ្ចប់ការប្រកួតក្រុមបាល់ទាត់សេនាយុត្តិធម៌ទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយដណ្តើមបានពានរង្វាន់ព្រះរាជអាជ្ញាអាស៊ាន លើកទីមួយនេះ។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា ក្រុមបាល់ទាត់សេនាយុត្តិធម៌បានយល់ព្រមទទួលរៀបចំការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ព្រះរាជអាជ្ញាអាស៊ានលើកទី២ នៅប្រទេសកម្ពុជា តាមសណើសុំរបស់ក្រុមបាល់ទាត់ នៃមហាអយ្យការព្រះរាជាណាចក្រថៃផងដែរ។

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ក្រុមបាល់ទាត់សេនាយុត្តិធម៌ មានកីឡាករសុទ្ធសឹងជាមន្រ្តីរាជការដែលបម្រើការក្នុងវិស័យយុត្តិធម៌ ដែលរួមមាន៖ សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ប្រធាន អនុប្រធាន ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រមនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ក្រឡាបញ្ជី។

គួររំលឹកផងដែរថា ក្រុមសេនាយុត្តិធម៌ ក៏ធ្លាប់បានចូលរួមប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តនានានៃប្រទេសកម្ពុជា និងក្រុមបាល់ទាត់នៃតុលាការ និងអយ្យការនៃប្រទេសជាមិត្តជាច្រើនលើករួចមកហើយ៕