(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងប្រាប់នាយកប្រតិបត្តិសារព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ គណបក្សរបស់លោក បានដាក់លិខិតមួយជូនដល់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជារួចហើយ ដើម្បីស្នើឱ្យបញ្ជាក់ឱ្យបានច្បាស់លាស់ចំពោះលទ្ធផល នៃការធ្វើតេស្តសុខភាពលើស្រ្តីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ ដែលជាអ្នកដំណើរតាមនាវា Westerdam។

នៅក្នុងលិខិតនោះ លោក ពេជ្រ ស្រស់ ក៏បានស្នើផងដែរថា បើសិនជាស្រ្តីជនជាតិអាមេរិកាំងរូបនោះ ពិតជាមានមេរោគកូរ៉ូណាថ្មី ហើយត្រូវបានព្យាបាលជាសះស្បើយ​យ៉ាងឆាប់រហ័សមែននោះ សូមឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ជួយបង្រៀនអំពីបច្ចេកទេសព្យាបាលឱ្យជាសះស្បើយយ៉ាងឆាប់រហ័សនេះដល់ប្រទេសផ្សេងៗទៀតផង ដោយសារតែប្រទេសធំៗមួយចំនួន។

ប្រតិកម្មរបស់ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើឡើងស្របពេលដែលមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង USCDC បានចេញមកប្រកាសថា ស្រ្តីជនជាតិអាមេរិកាំង ដែលជាអ្នកដំណើរតាមនាវា Westerdam គ្មានមេរោគកូរ៉ូណា នោះទេ។ នៅក្នុងលិខិតនោះប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា ប្រសិនបើស្រ្តីជនជាតិអាមេរិកាំងនោះ គ្មានផ្ទុកមេរោគ Covid-19 នោះទេ​ ដូច្នេះម៉ាឡេស៊ី ត្រូវហ៊ានទទួលខុសត្រូវ និងសូមទោសកម្ពុជាចំពោះបញ្ហានេះ៕