(ភ្នំពេញ)៖ លោក យឹម លាង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ បានឧបត្ថម្ភវិទ្យុទាក់ទង (អាយកូម) ចំនួន២៧០គ្រឿង ជូនដល់គណៈបញ្ជាការឯកភាពខណ្ឌ។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្តប្រគល់វិទ្យុទាក់ទងទាំងអស់នេះ ជូនដល់មន្ត្រីក្រោមឱវាទ ដើម្បីលើកបង្កើនសមត្ថភាពការងារ ក្នុងការបម្រើផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ។

លោក ជា ពិសី ក្រៅពីចែកជូននូវវិទ្យុទាក់ទង (អាយកូម) ចំនួន២៧០គ្រឿង ដល់គណៈអភិបាលខណ្ឌ, ប្រធាន, អនុប្រធានតាមការិយាល័យជំនាញ ចំណុះរចនាសម្ព័ន្ធខណ្ឌ, កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងតាមបណ្ដាសង្កាត់ទាំង៧ ក្រោមការឧបត្ថម្ភរបស់លោក លោក យឹម លាង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌ លោកអភិបាលខណ្ឌ ក៏បានសំណេះសំណាលដាស់តឿនដល់មន្ត្រីទាំងអស់ ត្រូវយកវិទ្យុទាក់ទងនេះ ទៅប្រើឲ្យចំគោលដៅ ដើម្បីក្តាប់ឲ្យបាននូវរាល់សភាពការណ៍ផ្សេងៗ ដែលអាចមានជាបទល្មើសដោយយថាហេតុណាមួយកើតឡើង ងាយស្រួលទប់ស្កាត់ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ៕