(ភ្នំពេញ)៖ ស្ដ្រីម្នាក់វ័យ៥៥ឆ្នាំ បានប្រើពូថៅដៃកាប់កូនប្រុសបង្កើតរបស់ខ្លួន បណ្ដាលឲ្យផុងលលាដ៏ក្បាលស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចក្នុងផ្ទះលេខ១៤៣២ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ស្ដ្រីជាម្ដាយឈ្មោះ ហាស់ សុភាព ទីលំនៅផ្ទះលេខ១៤៣២ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរនៅផ្ទះ ហើយរត់គេចខ្លួនបាត់ក្រោយធ្វើសកម្មភាព។ ដោយឡែក ជនរងគ្រោះ កង ច័ន្ទសុខុម អាយុ៣២ឆ្នាំ ស្លាប់ដោយមានស្នាមកាប់ដាច់ផុងលលាដ៏ក្បាលខាងស្តាំ និងមានស្នាមកាប់ដាច់ផុងត្រង់ផ្ទៃមុខ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ កង ច័ន្ទសុខុម (មានជំងឺសរសៃប្រសាទ) បានមានទំនាស់ពាក្យសំដីជាមួយជនសង្ស័យ ជាម្តាយបង្កើតឈ្មោះ ហាស់ សុភាព (មានជម្ងឺសរសៃប្រសាទដូចគ្នា) ស្រាប់តែជនសង្ស័យបានយកពូថៅដងឈើកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យមានស្នាមរបួស ដាច់ផុងលលាដ៏ក្បាលចេញខួរ និង មានស្នាមដាច់ផុងក្បាលចំហៀងខាងស្តាំ (ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ) ហើយជនសង្ស័យបានយកពូថៅទៅលាក់ទុកនៅខាងក្រោយផ្ទះ រួចរត់គេចខ្លួនបាត់តែម្តង។

ចំពោះករណីនេះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កំពុងសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវរកជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕