(កំពង់ចាម)៖ ក្រុមហ៊ុនពុទ្ធិពល កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារ អិលប៊ីអិន ខេត្តកំពង់ចាម បានបង្កើតឲ្យមានកម្មវិធីសិក្ខាសាលាក្រោមប្រធានបទ ផ្ទះដំបូងរបស់អ្នក ក្នុងគោលបំណងផ្ដល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ក្នុងការទិញផ្ទះឲ្យបានត្រឹមត្រូវ ព្រោះផ្ទះពិតជាមានសារៈសំខាន់សម្រាប់ជីវិតរស់នៅ។

នាយកក្រុមហ៊ុនពុទ្ធិពល លោក ទិត្យ កំរង បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនពុទ្ធិពល ដោយទទួលបានការឧបត្ថម្ភធំដោយលំនៅឋានអារ៉ាខាវ៉ា ក៏បានបង្កើតនូវកម្មវិធីនេះឡើង ដោយមានគម្រោង ធ្វើសិក្ខាសាលាជាច្រើន ដែលពិភាក្សាលើប្រធានបទផ្សេងៗគ្នា ហើយមួយក្នុងចំណោមប្រធានបទទាំងអស់នោះ ចំណេះដឹងទាក់ទងនិងវិស័យអចលនទ្រព្យ និងកម្ចី។

លោក ទិត្យ កំរង បានបន្តថា សិក្ខាសាលាដែលបានធ្វើនៅថ្ងៃនេះ ទាក់ទងទៅលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងកម្ចីទិញផ្ទះដោយ មានអ្នកចូលរួមពី បណ្ដាស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ គរុសិស្ស និងនិស្សិតប្រមាណជាង១០០នាក់។

ក្នុងនោះដែរ ក្រុមហ៊ុនមានវាគ្មិន ល្អៗ ដែលមានបទពិសោធន៍ចំណេះដឹងជាច្រើនទាក់ទងក្នុងផ្នែកអចលនទ្រព្យ និងកម្ចីទិញផ្ទះធ្វើការពន្យល់ចែកជូនដល់អង្គសិក្ខា សាលា ដើម្បីយកទៅអនុវត្តជាប្រយោជន៍និងធ្វើការផ្សព្វផ្សាយបន្តជាសវាងការទិញផ្ទះដោយមិនបានពិចារណា ធ្វើឲ្យខាតបង់ប្រាក់ឥតប្រយោជន៍។

លោក ទិត្យ កំរង បានបញ្ជាក់ថា ផ្ទះមិនគ្រាន់តែជាទីជំរកប៉ុណ្ណោះទេ តែវាក្លាយជាទីកន្លែងមួយដែលបានផ្ដល់នូវសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តផងដែរ ដោយសារផ្ទះមានសារៈសំខាន់សម្រាប់ ជីវិតរស់នៅបែបនេះ ទើបក្រុមហ៊ុនពុទ្ធិពលបានបង្កើតឲ្យមានកម្មវិធីសិក្ខាសាលា ដែលមានឈ្មោះថា ផ្ទះដំបូងរបស់អ្នក ដែលជាកម្មវិធីសិក្សាផ្ដល់ចំណេះដឹងទាក់ទងទៅនឹងរបៀប ក្នុងការសម្រេចចិត្តទិញផ្ទះឲ្យបានត្រឹមត្រូវ។

អ្នកស្រី ប៉ែន បុប្ផា ប្រធានផ្នែកលក់នៃលំនៅឋានអារ៉ាខាវ៉ា បានបានលើកឡើង៤ ចំណុចក្នុងការពិចារណាមុននឹងសម្រេចចិត្តទិញផ្ទះរួមមាន៖

*ទី១ ៖ ត្រូវសិក្សាស្រាវជ្រាវអំពីប្រវត្តិអ្នកអភិវឌ្ឍ ថាតើគាត់ជានរណា ជនជាតិអ្វី មានប្រវត្តិរកស៊ីត្រឹមត្រូវដែរឬទេ នឹងមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ
*ទី២ ៖ គឺទីតាំងតើស្របជាមួយកម្រូវការអ្នកទិញដែរឬអត់
*ទី៣ ៖ ត្រូវចេះមើលអំពីគុណភាពសំណង់
*ទី៤ ៖ មើលទៅលើតម្លៃដែលអ្នកទិញគិតថា តម្លៃសមរម្យអាចទទួល យកបាន។

អគ្គនាយកក្រុមហ៊ុន អារ៉ាខាវ៉ា លោកអៀង សុធារ៉ា បានថ្លែងថា កម្មវិធីសិក្ខាសាលាដែលមានរយៈពេលជិត ៥ម៉ោង គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាអ្នកចូលរួមទាំងអស់ និងបានបញ្ចប់ដោយនាំទៅវិញនូវចំណេះដឹងជាច្រើន មិនត្រឹមតែក្នុងផ្នែកអចលនទ្រព្យ និងកម្ចីទិញផ្ទះដែលជាចំណេះដឹងផ្នែកអាណាចក្រប៉ុណ្ណោះទេ តែបានទទួលនូវចំណេះដឹងផ្នែកពុទ្ធចក្រ ដូចជាឈ្វេងយល់ពីពាក្យសុខសប្បាយជាទេ?

មានប្រយោជន៍នាំមកនូវភាពចម្រុងចម្រើនដល់ជីវិតរស់នៅប្រចាំថ្ងៃ ដែលបានពន្យល់ដោយក្បោះក្បាយដោយលោកផ្ទាល់។ ទន្ទឹមនឹងនោះដែរ អ្នកចូលរួមស្នើសុំឱ្យមានសិក្ខាសាលាល្អៗ និងមានអត្ថប្រយោជន៍បែបនេះកើតមានច្រើនដងទៀតនៅលើ ទឹកដីនៃខេត្តកំពង់ចាម៕