(កំពង់ធំ)៖ មន្រ្តីនគរបាលនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានឲ្យដឹងថា ករណីភ្លើងឆេះព្រៃ អាចរាលដាលប៉ះពាល់ដល់ប្រាសាទ និងសារមន្ទីរនៅទីនៅរម្មណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

បើតាមមន្រ្តីនគរបាល ករណីនេះបណ្តាលមកពីអ្នកស្រុកដុតជើងច្រាំងតាមវាលស្រែ តែដោយខណៈនេះ មានខ្យល់ខ្លាំងភ្លើងក៏រាលដាលមកចូលដល់ក្រុមប្រាសាទសំបូរព្រៃគុក ហើយបើតាម អំណាចភ្លើង គឺអាចនឹងបណ្តាលឲ្យមានការប៉ះពាល់ ខូចខាតប្រាសាទ និងសារមន្ទីរ។

អំពីវិធានការដោយអង្គភាពនៅទីនោះ មិនទាន់មានរថយន្តពន្លត់អគ្គិភ័យដូចនៅសៀមរាប និងបន្ទាយឆ្មារនៅឡើយ ដូច្នេះជាបឋមនេះ បានកៀងគរប្រជាជនឲ្យជួយកាច់មែកឈើវាយពន្លត់ ព្រមទាំងសុំជំនួយរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងរបស់អធិការដ្ឋានស្រុកមកជួយអន្តរាគមន៍ ប៉ុន្តែនៅតែមិនអាចទប់ស្កាត់បាន៕