(វៀងចន្ទន៍-ឡាវ)៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការរួបរួមគ្នាជាធ្លុងមួយ និងមានការឆ្លើយតបខ្ពស់របស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាជំងឺឆ្លង COVID-19 និងបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺឆ្លងនេះ ទៅលើដំណើរការកសាងសហគមន៍អាស៊ាន ក៏ដូចជាដំណើរការជាប្រក្រតីរបស់អាស៊ាន។

នេះបើតាមលទ្ធផល នៃកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន កិច្ចប្រជុំពិសេស នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ស្ដីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា (COVID-19) និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានបញ្ជាក់ថា តាមរយៈលទ្ធផលនៃកិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្តីពី ជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា COVID-19 នេះ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ លោក ផាម ប៊ិនមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម បានដឹកនាំកិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងគោលបំណងលើកកម្ពស់ ការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបណ្តាមកពីការផ្ទុះឡើងនៃជំងឺឆ្លង COVID-19។

រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន បានកត់សម្គាល់ដោយការពេញចិត្តចំពោះការឆ្លើយតបរួមជាបន្ទាន់ និងសាមគ្គីភាពជាប្រពៃណី ក៏ដូចជាការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ជាពិសេសការចាត់វិធានការដ៏ម៉ឺងម៉ាត់ ដើម្បីដោះស្រាយជំងឺឆ្លង COVID-19 តាមរយៈការចែករំលែកព័ត៌មានយ៉ាងឆាប់រហ័ស នឹងកិច្ចខិតខំប្រឹងប្រែងចាំបាច់នានា ក្នុងការទប់ស្កាត់នូវការរីករាល ដាលជំងឺ និងការការពារសន្តិសុខសុខភាពសាធារណៈក្នុងតំបន់ និងពិភពលោក។

រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងវិធានការសម្របសម្រួលរវាងអាស៊ាន និងចិន មានជាអាទិ៍៖

*បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាប្រឆាំងនឹងជំងឺឆ្លង COVID-19 តាមរយៈការចែករំលែកព័ត៌មាន និងឧត្តម្មានុវត្តឱ្យបានទាន់ពេលវេលា
*ជំរុញឱ្យមានកិច្ចសន្ទនាគោលនយោបាយ និងការផ្លាស់ប្តូរព័ត៌មានវិវត្តន៍ចុងក្រោយអំពីជំងឺឆ្លង COVID-19 ដែលរួមមាន៖ ការត្រួតពិនិត្យ និងការព្យាបាល ធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង នឹងជាការរើបឡើងវិញនូងជំងឺឆ្លង រួមមានករណី COVID-19 ជាដើម។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានឆ្លៀតឱកាសនេះ ជម្រាបជូនកិច្ចប្រជុំអំពីវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 ជាពិសេសការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលសំចតនៅកំពង់ផែ ព្រះសីហនុ ដោយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងប្រុងប្រយ័ត្នបំផុត អនុលោមតាមបទប្បញ្ញត្តិ សំខាន់ៗ របស់អង្គការសុខភាពពិភពលោក និងដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសុខាភិបាលអន្តរជាតិនានាដូចជា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលអាឡឺម៉ង់ សម្រាប់ការស្រាវជ្រាវជំងឺឆ្លង និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក។

ឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់អះអាងជាថ្មី អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តជួយ និងសហការយ៉ាងក្លៀវក្លាជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 និងដោយមានកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងបន្តជំរុញការសម្របសម្រួល និងសហការជាមួយចិន ក្នុងការទប់ស្កាត់ និងលុបបំបាត់ទាំងស្រុងជំងឺឆ្លង COVID-19 នេះ។

ទន្ទឹមពេលជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានគាំទ្រចំពោះសំណើរបស់ប្រទេសចិន ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ស្តីពី COVID-19 នៅពេលវេលាសមស្របណាមួយ។

ជាកិច្ចឆ្លើយតបលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន និងជាសហប្រធាន បានថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ាន ចំពោះសមានចិត្តការគាំទ្រ និងជំនួយរបស់អាស៊ាន៕