(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល លោកឱសថបណ្ឌិត ហេង ប៊ុនគៀត បានថ្លែងបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងបានប្រគល់វិញ្ញាបនបត្របញ្ជាក់អនាម័យ និងគោលការណ៍អនាម័យ ដល់ភោជនីយដ្ឋាន អាហារដ្ឋាន និងគ្រឹះស្ថានផលិតចំណីអាហារ សរុបចំនួន ២,៣១២កន្លែង ក្នុងចំណោមជាង៤,៧០១កន្លែង។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាស ប្រគល់វិញ្ញាបនបត្របញ្ជាក់អនាម័យ និងគោលការណ៍អនាម័យ ដល់ភោជនីយដ្ឋានចំនួន២៥ ទាំងក្នុងរាជធានី និងខេត្ត នៅទីស្ដីការក្រសួងសុខាភិបាលនៅចុងសបា្ដហ៍នេះ។

លោកឱសថបណ្ឌិត ហេង បានថ្លែងបន្ដថា «ការចូលរួមរបស់ម្ចាស់អាហារដ្ឋានខាងលើនេះ មានសារៈសំខាន់ណាស់ ក្នុងការជួយលើកស្ទួយមុខមាត់ និងជំរុញសេដ្ឋកិច្ចជាតិ។ ខ្ញុំសង្ឃឹមថា ក្រោយពេលដែលទទួលបាននូវវិញ្ញាបនបត្របញ្ជាក់អនាម័យនេះហើយ រាល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ នឹងអនុវត្ដការងារនេះ ទៅតាមការណែនាំរបស់ក្រសួង»

ក្នុងឱកាសនោះ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត បានថ្លែងស្វាគមន៍ និងអបអរសាទរដល់ម្ចាស់ និងតំណាងភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេទំនើបទាំង២៥ខាងលើ ដែលគោរព និងអនុវត្តបានល្អតាមស្តង់ដារអនាម័យរបស់ក្រសួងសុខាភិបាល។

ទន្ទឹមនឹងនោះ លោកឱសថបណ្ឌិត បានស្នើឱ្យភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ បន្តភាពស្អាតរបស់ខ្លួនជាប់ជានិច្ច ដើម្បីរក្សាតម្លៃអាជីវកម្មឱ្យមានភាពស្ថិតស្ថេរ និងរីកច្រើនទៅមុខជានិរន្ត។

លើសពីនោះ ក្រុមត្រួតពិនិត្យសុវត្ថិភាពចំណីអាហារសុខាភិបាល នឹងបន្តតាមដានត្រួតពិនិត្យអនាម័យគ្រប់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានជានិច្ច ដើម្បីកាត់បន្ថយការពុលចំណីអាហារ និងអំពាវនាវឱ្យវិស័យឯកជននេះ ចូលរួមជាមួយក្រសួងសុខាភិបាល៕