(កណ្ដាល)៖ បុរស ២នាក់ បានទទួលមរណៈកាលភ្លាមៗ និងម្នាក់ទៀតរងរបួស ដោយសារឆក់អគ្គិសនីនៅគ្រាដែលពួកគេ កំពុងរៀបចំរោងបុណ្យសង្ឃទានជូនម្ដាយ ប៉ុន្តែអកុសលពេលអ្នកទាំង៣ លើកដែកដើម្បីចងមេក្រូ ក៏ស្រាប់តែប៉ះខ្សែភ្លើងស្រាតបណ្ដាលឱ្យឆក់ភ្លាមៗតែម្ដង។

ករណីនេះ បានកើតឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ វេលាម៉ោង១៥៖០០នាទី នៅចំណុចភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះទាំ៣នាក់ មានឈ្មោះរួមមាន៖

*ទី១៖ ឈ្មោះ ជួន អ៊ូច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ សំណង់ (រងរបួសធ្ងន់) ទីលំនៅភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល
*ទី២៖ ឈ្មោះ ជួន មករា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ (ស្លាប់) នៅភូមិចំបក ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តស្វាយរៀង
*ទី៣៖ ឈ្មោះ ជេស ហុន ភេទប្រុស អាយ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ (ស្លាប់) នៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

បើតាមការរៀបរាប់របស់នគរបាលមកភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល ឱ្យដឹងថា បើយោងតាមការបំភ្លឺរបស់ឈ្មោះ ប៊ុន សៀន ភេទ ស្រី អាយុ៧៥ឆ្នាំ ត្រូវជាម្តាយបង្កើតថា មុនពេលកើតហេតុ កូនបង្កើតរបស់ខ្លួនឈ្មោះ ជួន មករា អាយុ៣១ឆ្នាំ និងឈ្មោះ ជួន អ៊ូច អាយុ៣៨ឆ្នាំ រួមជាមួយកូនប្រសារឈ្មោះ ជេស ហុន អ្នកទាំងបីនាក់ បាននាំគ្នាលើកដែកទីបមូលចងមេក្រូ ដើម្បីរៀបចំធ្វើបុណ្យសង្ឃទានឱ្យម្តាយនៅថ្ងៃស្អែក ក្នុងពេលដែលកំពុងលើកដែកចងមេក្រូនោះ បណ្តាលឱ្យដែកទៅប៉ះចំខ្សែភ្លើងស្រាត ឆ្លងចរន្តឆក់ស្លាប់ជនរងគ្រោះឈ្មោះ ជួន មករា និងឈ្មោះ ជេស ហុន ចំណែកជនរងគ្រោះឈ្មោះ ជួន អ៊ូច ឆក់រងរបួស ឆេះខ្លោចម្រាមជើងទាំងសង្ខាង ត្រូវក្រុមគ្រួសារ និងជិតខាងជួយទាន់បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យរាជធានីភ្នំពេញ។

ចំពោះសាកសពខាងលើ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសា រដើម្បីធ្វើបុណ្យតាមប្រពៃណី៕