(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងមានករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឬឋានៈសង្គមជាអាទិ៍ ។

ជាពិសេស ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិរបស់ខ្លួន ឬអាចធ្វើកូដកម្ម និងបាតុកម្មដោយសន្តិវិធី ដែលការប្រើប្រាស់សិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពអ្នកដទៃឡើយ ពោលគឺការប្រើប្រាស់សិទ្ធិ សេរីភាពនេះ ត្រូវប្រព្រឹត្តតាម លក្ខខ័ណ្ឌកំណត់ក្នុងច្បាប់ ។

ប៉ុន្តែដោយឡែកមានប្រជាពលរដ្ឋមួយចំនួន បានប្រើប្រាស់សិទ្ធិនេះដោយរំលោភច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ សេរីភាព ទំនៀមទម្លាប់ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ដោយបានជ្រើសរើសយកវិធីតវ៉ាផ្សេង ដូចជាប្រមូលផ្តុំមនុស្សបិទផ្លូវជាតិ និងប្រើប្រាស់ហិង្សា ដែលសកម្មភាពនេះត្រូវបានចាត់ទុកជា «អំពើកុបកម្ម» ដែលត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។

ដូចម្តេចដែលហៅថាកុបកម្ម? តើសកម្មភាពណាខ្លះដែលត្រូវចាត់ទុកថាជាអំពើកុបកម្ម និងត្រូវផ្តន្ទាទោសយ៉ាងដូចម្តេច?

ដើម្បីកាន់តែជ្រាបច្បាស់អំពីប្រធានបទនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកនូវប្រធានបទស្តីពី «កុបកម្ម» មកធ្វើការបកស្រាយជូនដូចតទៅ៖

បើយោងតាមវចនានុក្រមរបស់សម្តេចសង្ឈ ជួន ណាត បានឲ្យនិយមន័យពាក្យថា «កុបកម្ម» គឺជាការបះបោរដែលមនុស្សច្រើននាក់លើកគ្នាមកប្រឆាំងនឹងអំណាចអាជ្ញាធរសាធារណៈ ។ ទន្ទឹមនឹងនេះ នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៤៥៦ បានបញ្ញត្តិថា៖ «កុបកម្ម» គឺជាអំពើហិង្សាសមូហភាព ដែលនាំឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ឬនាំឲ្យមានការប៉ះពាល់ដល់បូរណភាពដែនដីជាតិ

សកម្មភាពដែលរាប់ចូលជាអំពើក្នុងការចូលរួមធ្វើចលនាកុបកម្ម មានដូចខាងក្រោម៖
១/. ការសាងសង់គ្រឿងរារាំងផ្លូវ គ្រឿងការពារ ឬដោយធ្វើការងារ ដែលមានគោលបំណងរារាំងសកម្មភាពកម្លាំងសាធារណៈ
២/. ការកាន់កាប់អគារ ឬឋបនីយភណ្ឌ (ទ្រព្យដែលគួរតម្កល់ទុក ឬដែលត្រូវទុកដាក់ ដូចជាគ្រឿងចក្រជាដើម) ដោយកម្លាំង ឬដោយកលល្បិច
៣/. ការបំផ្លិចបំផ្លាញអគារ ឬឋបនីយភណ្ឌ
៤/. ការរ៉ាប់រងការដឹកជញ្ជូន ឬការផ្គត់ផ្គង់ព័ស្តុភារឲ្យកុបករ
៥/. ការញុះញង់ដោយផ្ទាល់ឲ្យមានការប្រមូលផ្តុំកុបករ
៦/. ការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធគ្រឿងផ្ទុះ និងរំសេវគ្រប់ប្រភេទ
៧/. ការតាំងខ្លួនជំនួសអាជ្ញាធរស្របច្បាប់ ។
បុគ្គលដែលបានចូលរួមប្រព្រឹត្តអំពើខាងលើនេះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ទៅ ១៥ (ដប់ប្រាំ)ឆ្នាំ ។

ម៉្យាងទៀត បុគ្គលនោះអាចត្រូវបានផ្តនា្ទទោសច្រើនឆ្នាំជាងចំនួនទោសខាងលើ ពី ១០ (ដប់)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ ប្រសិនបើបុគ្គលនោះបានប្រព្រឹត្តនូវអំពើដូចខាងក្រោម៖
១/. ការធ្វើកុបកម្មដោយប្រើកម្លាំងដណ្តើមយកនូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ឬសារជាតិដទៃ ដែលមានគ្រោះថ្នាក់ដល់បុគ្គល ។
២/. ការផ្តល់ដល់កុបករ នូវអាវុធ គ្រាប់រំសេវ គ្រឿងផ្ទុះ ឬសារជាតិដទៃទៀត ដែលមានគ្រោះថ្នាក់ដល់បុគ្គល ។

ដោយឡែកនៅក្នុងច្បាប់ ក៏បានចែងអំពីទោសចំពោះមេដឹកនាំកុបកម្ម មានសភាពធ្ងន់ធ្ងរជាងអ្នកចូលរួមធ្វើកុបកម្ម ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ (ម្ភៃ)ឆ្នាំ ទៅ ៣០ (សាមសិប)ឆ្នាំ ។ បន្ថែមពីនេះ ច្បាប់ក៏បានចែងអំពីទោសបន្ថែម ដើម្បីដាក់ទោសដល់ជនដែលបានប្រព្រឹត្តអំពើកុបកម្មនេះផងដែរ ។

សរុបជារួម កុបកម្ម គឺជាអំពើដែលត្រូវបានរដ្ឋធ្វើការរឹតបន្តឹង ក្នុងគោលបំណងការពារកុំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈរបស់ប្រទេសជាតិ ព្រមទាំងធ្វើការផ្តន្ទាទោសចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តសកម្មភាពកុបកម្មនេះ ដែលជាបទល្មើសឧក្រិដ្ឋ ដូចដែលមានកំណត់នៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា សាំង សុភាព ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕