(ភ្នំពេញ)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំពិធីប្រគល់ពានកិត្តិយស ដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមរបស់ខ្លួន ក៏ដូចជាពិធីពិសាភោជនាហារ ពិសេសមួយ ដោយមានការចូលរួមពីទីប្រឹក្សាធានារ៉ាប់រងឆ្នើម ជាច្រើននាក់ មកពីបណ្តាខេត្តផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរ ដល់សមិទ្ធផលរបស់ទីប្រឹក្សាធានារ៉ាប់រង របស់ក្រុមហ៊ុនក្នុងឆ្នាំ២០១៩។

ទីប្រឹក្សាឆ្នើមចំនួន៣០រូប របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានជាប់ជាសមាជិកនៃ Million Dollar Round Table (MDRT) កាលពីឆ្នាំ ២០១៩ ហើយទីប្រឹក្សាមួយរូប របស់ក្រុមហ៊ុននេះ ក៏បានជាប់ជាសមាជិកលំដាប់កំពូល Court of the Table (COT) ដែលជាការទទួលស្គាល់លំដាប់ខ្ពស់បំផុតមួយ នៅក្នុងសមាគម MDRT ផងដែរ។ MDRT ជាសមាគមលំដាប់ពិភពលោកមួយ សម្រាប់បុគ្គលិកឆ្នើម ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងវិស័យហិរញ្ញវត្ថុ។

ថ្លែងក្នុងពិធីប្រគល់ពានកិត្តិយស ដល់ទីប្រឹក្សាឆ្នើមនេះ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងថា «យើងរៀបចំពិធីប្រគល់ពានកិត្តិយសនេះឡើង ដើម្បីថ្លែងអំណរគុណ ដល់ទីប្រឹក្សាធានារ៉ាប់រងរបស់យើង ចំពោះការខិតខំប្រឹងប្រែងប្រចាំថ្ងៃ របស់ពួកគាត់ក្នុងការផ្ដល់ការប្រឹក្សាយោបល់ និងដំណោះស្រាយហិរញ្ញវត្ថុ រយៈពេលវែងដល់ក្រុមគ្រួសារកម្ពុជា»

លោក Robert Elliott បានគូសបញ្ជាក់ថា «ដោយសារការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ពួកគាត់ យើងកំពុងការពារប្រជាជនកម្ពុជា ជាង១១៤,០០០នាក់ ជាមួយនឹងទឹកប្រាក់ធានាសរុបចំនួន ច្រើនជាង២.៥ពាន់លានដុល្លារអាមេរិក»

លោកស្រី ឆេង យូហេង ទីប្រឹក្សាធានារ៉ាប់រងឆ្នើមម្នាក់ និងជាសមាជិក COT ក្នុងឆ្នាំ ២០១៩ ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរថា «ការចូលរួមជាមួយ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងនាមជាទីប្រឹក្សាធានារ៉ាប់រង បានធ្វើឲ្យខ្ញុំដឹងថា ខ្ញុំមានសមត្ថភាពភាព ក្នុងការជួយដល់ប្រជាជនកម្ពុជា និងសហគមន៍ ដែលខ្ញុំរស់នៅ»។

លោកស្រីបន្ដថា «អាជីពនេះ អនុញ្ញាតឲ្យខ្ញុំអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្ញុំ ហើយស្របពេលជាមួយគ្នាដែរ ជួយមនុស្សជាច្រើន ក្នុងការការពារមនុស្ស ជាទីស្រឡាញ់របស់ពួកគាត់ និងសម្រេចគោលដៅ ហិរញ្ញវត្ថុរយៈពេលវែង របស់ពួកគាត់ផងដែរ»

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីប្រតិបត្តិការអាជីវកម្មក្នុងឆ្នាំ ២០១២ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានផ្តល់ការបណ្តុះបណ្តាល អំពីការធានារ៉ាប់រងអាយុជីវិត និងការរៀបចំ ផែនការហិរញ្ញវត្ថុរយៈពេលវែង ដល់ទីប្រឹក្សាធានារ៉ាប់រងរាប់ពាន់នាក់ ហើយក្រុមហ៊ុនក៏បានផ្តល់ឱកាស ឲ្យទីប្រឹក្សារបស់ខ្លួន ធ្វើដំណើរទៅក្រៅប្រទេស ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗ នៅប្រទេសផ្សេងៗជុំវិញពិភពលោកផងដែរ។

ជាក់ស្តែង កាលពីខែមករា ឆ្នាំនេះ ទីប្រឹក្សាធានារ៉ាប់រង១៣០នាក់ ត្រូវបានផ្តល់ឱកាសឲ្យចូលរួមសន្និសីទអន្តរជាតិនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង៕