(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយ ចំពោះឥរិយាបថបំពានច្បាប់ ម្តងហើយម្តងទៀត របស់ក្រុមសមាជិកបណ្តាញព្រៃឡង់ ដែលបណ្តាញខ្លួនឯងមិនមានការចុះបញ្ជីស្របច្បាប់ត្រឹមត្រូវ និងថែមទាំងធ្វើសកម្មភាពល្មើសច្បាប់ស្តីពីតំបន់ការពារធម្មជាតិថែមទៀត»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ការសម្តែងការសោកស្តាយនេះ បានធ្វើឡើងខណៈសមាជិកបណ្តាញព្រៃឡង់ រួមនឹងសមាគមអង្គការសង្គមស៊ីវិល ប្រមាណជាង ១០០នាក់ ក្រោមការការពារដោយបុគ្គលិកអង្គការសិទ្ធិមនុស្សលីកាដូ បានព្យាយាមចូលទៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃព្រៃឡង់ ដែលជាតំបន់សម្បូណ៌ ដោយប្រព័ន្ធអេកូឡូស៊ី សត្វព្រៃគ្រប់ប្រភេទ ដែលត្រូវហាមឃាត់ការចូលដោយគ្មានច្បាប់អនុញ្ញាត និងដើម្បីកុំឱ្យ ប៉ះពាល់ដល់សត្វព្រៃក្នុងតំបន់នោះ ដើម្បីពួកគេប្រារព្ធពិធីបំបួសដើមឈើ និងសកម្មភាពផ្សងទៀតតាមអំពើចិត្ត ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យចូលឡើយ ដោយអនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

លោក នេត្រ ភក្ត្រា បានចាត់ទុកទង្វើបំពានច្បាប់របស់បណ្តាញសហគមន៍ព្រៃឡង់ និងអង្គការសង្គមស៊ីវិលមួយចំនួន មិនមែនជាគំរូល្អ សម្រាប់បណ្តាញសហគមន៍ សមាគម អង្គការក្រៅរដ្ឋាភិបាលឡើយ។ ទង្វើនេះ ក៏បានជំរុញឱ្យបណ្តាញសហគមន៍ព្រៃឡង់ ក៏ដូចជាសង្គមស៊ីវិលមួយចំនួន រៀនអនុវត្តច្បាប់ និងគោរពតាមច្បាប់ ដែលមានជាធរមាន ឱ្យបានត្រឹមត្រូវ ជៀសវាងការបង្កជម្លោះជាមួយច្បាប់ក្រោមលេសសិទ្ធិសេរីភាពដាច់បង្ហៀរ។

យោងតាមមាត្រា ១១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ការចេញចូលក្នុងតំបន់ការពារធម្មជាតិរួម ក្នុងនោះការចេញចូលតំបន់ស្នូល ដែលជាតំបន់គ្រប់គ្រង ដែលមាន តម្លៃខ្ពស់សម្រាប់ការអភិរក្សប្រភេទសត្វ រុក្ខជាតិដែលកម្រជិតផុតពូទទួលរងគ្រោះថ្នាក់ មានប្រព័ន្ធអេកូឡូស៊ីផុយស្រួយ ត្រូវហាមឃាត់លើកលែងតែ មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ដែលមានភារកិច្ច និងត្រូវមានការអនុញ្ញាតពីក្រសួងបរិស្ថាន ការចេញចូលតំបន់អភិរក្សក៏ត្រូវមានការអនុញ្ញាតជាមុនពីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ។

លោក នេត្រ ភក្ត្រា បានថ្លែងថា តំបន់ដែលបណ្តាញសហគមន៍ព្រៃឡង់មានបំណងចូលទៅនោះជាតំបន់ដែលត្រូវអភិរក្ស និងការពារជាពិសេស កុំឱ្យប៉ះពាល់ដល់សត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់នោះ។ រដ្ឋលេខាធិការ ក្រសួងបរិស្ថានរូបនេះ បានថ្លែងថា មន្ត្រីឧទ្យានុក្សនៃក្រសួងបរិស្ថាន បាននិងកំពុងបំពេញបេសសកម្មរបស់ខ្លួនការពារព្រៃឈើ សត្វព្រៃក្នុងតំបន់ព្រៃឡង់ទាំងយប់ទាំងថ្ងៃ ចុះដើរល្បាត ទប់ស្កាត់និងបង្ក្រាបបទល្មើសដែលកើតមានក្នុងតំបន់អភិរក្សក៏ដូចជាដើរដោះអន្ទាក់ដែល ជនល្មើស បានលបលួចដាក់ ចាប់សត្វព្រៃខុសច្បាប់ផងដែរ។

រដ្ឋលេខាក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានផ្តល់ការសហការ យ៉ាងស្អិតរមួតដល់សហគមន៍ សមាគម និងអង្គការ មិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិដែល មានការទទួលស្គាល់ដោយច្បាប់ត្រឹមត្រូវ និងមានការចុះឈ្មោះនៅក្រសួងមហាផ្ទៃ ឬមានកិច្ចព្រមព្រៀងជាមួយក្រសួងពាក់ព័ន្ធនានា។

បច្ចុប្បន្ននេះ សហគមន៍តំបន់ការពារ ធម្មជាតិចំនួន ១៩នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ទាំង ៤ ខេត្រួមមានខេត្កំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលមានប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋានជាសមាជិកនិងត្រូវបានទទួលស្គាល់ដោយច្បាប់ បាន និងកំពុងសហការ សាមគ្គីជាមួយក្រសួងបរិស្ថានចុះល្បាត ទប់ស្កាត់បទល្មើសធនធានធម្មជាតិរួមគ្នា។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានផ្តល់កិច្ចសហការដល់បណ្តាញព្រៃឡង់ អនុលោមតាម ស្មារតីនៃវេទិកាស្តីពីការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិកាលពីខែសីហា ឆ្នាំ ២០១៦ កន្លងទៅ ប៉ុន្តែបណ្តាញសហគមន៍ព្រៃឡង់ ដែលធ្វើសកម្មភាពដោយគ្មានច្បាប់នេះ មានភាពមិនស្មោះត្រង់ក្នុងការធ្វើកិច្ចសហការដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ។

លោកក៏បានស្នើឲ្យអង្គការមួយចំនួន ដូចជា អង្គការសមធម៌កម្ពុជា ជាពិសេសអង្គការស្ពានសន្តិភាព និងអង្គការដាន់មិសិន (Danmission) ដែលមិនមានដែនសមត្ថកិច្ចនិងមិនបានចុះអនុស្សរណៈជាមួយក្រសួងបរិស្ថាន គួរបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួននៅក្នុងតំបន់អភិរក្ស និងនៅពីក្រោយបណ្តាញព្រៃឡង់ធ្វើសកម្មភាពខុសច្បាប់បន្តទៀត។

លោកបានថ្លែងថា ប្រសិនបើអង្គការទាំងនេះចង់សហការនិងចូលរួមការងារអភិរក្សជាមួយក្រសួងបរិស្ថានស្វាគមន៍ ហើយគួរស្នើសុំជាផ្លូវការតាមនីតិវិធីច្បាប់ ជាជាងការធ្វើការដោយលួចលាក់ ខុសច្បាប់ លើសដែនសមត្ថកិច្ចរបស់ខ្លួនដែលបង្កើតឱ្យមានការសង្ស័យពីភាពមិនស្មោះត្រង់ក្នុងការអនុវត្តកិច្ចការរបស់ខ្លួន។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយ ដែលបណ្តាញសហគមន៍ព្រៃឡង់ព្យាយាមធ្វើសកម្មភាពក្រៅច្បាប់ និងធ្វើខ្លួនឱ្យឃ្លាតឆ្ងាយពីសមូហភាពនៃការដឹកនាំគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិជាមួយនេងស្ថាប័នពាក់ព័ន្ធ។

លោក នេត្រ ភក្ត្រា បានរំឭកថា ក្រសួងបរិស្ថានរួមនឹងសហគមន៍តំបន់ការពារធម្មជាតិទូទាំងប្រទេស អាជ្ញាធរខេត្តនៃតំបន់ព្រៃឡង់បានរៀបចំកម្មវិធីបោះតង់ និងបំបួសដើមឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់កាលពីថ្ងៃទី១៤ និងទី១៥ ខែកុម្ភៈឆ្នាំ ២០២០ ក្រោមប្រធានបទ ថ្ងៃក្តីស្រឡាញ់បរិស្ថាននិងធម្មជាតិដោយមានអ្នកចូលរួមសរុបចំនួនជាង ៥០០នាក់។

ប៉ុន្តែចំឡែកតែបណ្តាញសហគមន៍ព្រៃឡង់ដែលទទួលបានថវិកាជារៀងរាល់ខែពីអង្គការមួយចំនួនព្យាយាមបង្កើតកម្មវិធីដោយឡែកមួយផ្សេងដោយបំពានច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ គួរឱ្យកត់សម្គាល់ថា កន្លងទៅបណ្តាញសហគមន៍ព្រៃឡង់ នេះបានព្យាយាមប្រើប្រាស់ទិន្នន័យដែលមិនមានមូលដ្ឋានវិទ្យសាស្ត្រត្រឹមត្រូវ ប្រើវិធីសាស្ត្ររាប់គល់ឈើមួយដើមថាជាបទល្មើសមួយ និងលួចផ្តល់ទៅឱ្យអង្គការខ្លះដើម្បីចងក្រងបំប៉ោងរបាយការណ៍ក្នុងចេតនាចិញ្ចឹមទំនាស់ព្រៃឡង់ និងផ្សព្វផ្សាយព័ត៌មានបែបបំភ្លៃដើម្បីបំផ្លាញជំនឿទំនុកចិត្តប្រជាពលរដ្ឋចំពោះការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិដើម្បីបម្រើគោលដៅអ្វីមួយ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់បណ្តាញសហគមន៍ព្រៃឡង់គួរគោរពច្បាប់ ហើយស្នើឱ្យអង្គការក្រៅរដ្ឋាភិបាលគោរពឱ្យបានហ្មត់ចត់នូវច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ចៀសវាងការបង្កជម្លោះនឹងច្បាប់។

លោក បានថ្លែងថា ក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ សរុបមានទំហំ ៧,២ លានហិកតាគ្របដណ្តប់ខេត្តចំនួន ២០ ក្នុងចំណោមខេត្តរាជធនីទាំង ២៥ នៃប្រទេសកម្ពុជា ហើយមានសហគមន៍ សមាគមនិងអង្គការជាតិនិងអន្តរជាតិជាច្រើនលើសលប់ដែលបានសហការជាមួយមួយក្រសួងបរិស្ថានយ៉ាងល្អ ប៉ុន្តែមានសហគមន៍ និងអង្គការសង្គមស៊ីវិលមួយចំនួនតូចដែលបង្កប់ដោយរបៀបវារៈសហការមិនស្មោះត្រង់តែងតែដើរអុកឡុក បង្កចលាចល និងបង្កើតការញុះញង់ ផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃការពិតដើម្បីគោលបំណងទុច្ចរិតអ្វីមួយ។

លោក នេត្រ ភក្ត្រា បានថ្លែងថា អ្វីដែលប្រជាពលរដ្ឋប្រាថ្នា គឺការគោរពច្បាប់រួមទាំងបណ្តាញសហគមន៍ព្រៃឡង់ ដូច្នេះគួរតែគោរពច្បាប់ ស្នើសុំការចុះបញ្ជីត្រឹមត្រូវ និងធ្វើសកម្មភាពស្របច្បាប់ជាធរមាន ព្រោះយើងទាំងអស់គ្នាមានគោលដៅតែមួយ គឺការពារធនធានធម្មជាតិ ដែលយើងមានឱ្យបានគង់វង្ស គួរកុំប្រើលេសការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ធ្វើរបាយការណ៍អាក្រក់ ពីការងារអភិរក្សធនធានធម្មជាតិ ដើម្បីគ្រាន់តែផលប្រយោជន៍ផ្ទាល់ខ្លួន ស្វែងរកហិរញ្ញវត្ថុគាំទ្រសកម្មភាពខ្លួន និងដើម្បីបន្តការងារសម្រាប់ខ្លួន៕