(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី កង សៅ គុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកជ័យសែន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរដែនដីចុះសួរសុខទុក្ខ និងនាំអំណោយយកទៅប្រគល់ជូន ដល់កសិករមួយគ្រួសារដែលប្រសូត្របានកូនភ្លោះ៣នាក់ នៅភូមិបដិវត្ត ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានអបអរសារទរចំពោះគ្រួសារខាងលើ ដែលប្រសូត្របានកូនភ្លោះ ៣នាក់ សុទ្ធតែស្រី ហើយមានសុខភាពល្អទាំងម្តាយ ទាំងកូន។ លោកក៏បានណែនាំឲ្យម្តាយត្រូវខិតខំថែរក្សាសុខភាព និងចិញ្ចឹមបីបាច់ថែរក្សាកូនចៅឲ្យបានល្អ។

ជាមួយគ្នានេះដែរ លោកក៏បានឧបត្ថម្ភថវិកាចំនួន ៤០ម៉ឺនរៀល ទឹកដោះគោ អង្ករ និងសម្ភារជាច្រើនទៀត។ សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះ គ្រួសារកូនភ្លោះខាងលើ ក៏ទទួលបានការជួយឧបត្ថម្ភទាំងថវិកា និងសម្ភារពីកាកបាទក្រហមកម្ពុជាផងដែរ៕