(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេស ក្រោមឱវាទ ជិះកង់ចុះត្រួតពិនិត្យគុណភាពផ្លូវជាតិលេខ២១ និងជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ១២ភូមិ ស្ថិតក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល។

ការចុះត្រួតពិនិត្យផ្លូវជាតិលេខ២១ របស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុន ដើម្បីធានាបានគុណភាពឱ្យបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង បន្ទាប់ពីរកឃើញភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងគុណភាព ក្រោយពេលសាងសង់រួចរាល់ និងបានណែនាំឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីបច្ចេកទេសរបស់ក្រសួងត្រូវតែធ្វើការដោយផ្ដោតលើគុណភាពជាចម្បង មុននឹងសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

បន្ទាប់ពីការជិះកង់ត្រួតពិនិត្យគុណភាពផ្លូវជាតិលេខ២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាភូមិចំនួន១២ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលបានរង់ចាំទទួលស្វាគមន៍ក្រោមទឹកមុខញញឹមស្រស់ស្រាយរួសរាយរាក់ទាក់ ជាមួយនឹងការពិសារអាហារសាមគ្គីប្រកបដោយបរិយាកាសរីករាយផងដែរ។

ការជួបសំណេះសំណាល និងសាកសួរសុខទុក្ខនេះធ្វើឡើងក្នុងគោលបំណង ផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសដើម្បីស្វែងយល់អំពីជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាក់ស្តែងក្នុងស្រុកកោះធំ មានការអភិវឌ្ឍច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ដោយក្នុងនោះក្នុងឃុំនីមួយៗ មានផ្លូវបេតុងខ្វាត់ខ្វែង។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលរង់ចាំទទួលស្វាគមន៍ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសារសំខាន់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានអំពាវនាវឲ្យរួបរួមសាមគ្គីគ្នាថែរក្សាសុខសន្តិភាពដែលរកបានដោយលំបាកនេះឲ្យបានគង់វង្ស ដើម្បីបន្តអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន ច្រើនឡើងថែមទៀត៕