(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង២ខ្សែ ប្រវែង៥,០៩៦ម៉ែត្រ និងអគារសិក្សា ចំនួន០១ខ្នង មាន០៥បន្ទប់ នៃអនុវិទ្យាល័យមេមាំង ឃុំល្វា ស្រុកព្រៃឈរ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត កងប្រដាប់អាវុធទាំងបី អភិបាល អភិបាលរងស្រុក សមាជិក សមាជិកាពាក់ព័ន្ធជុំវិញស្រុក ព្រះសង្ឃ តាជី យាយជី ប្រជាពលរដ្ឋ សិស្សានុសិស្ស សរុបអ្នកចូលរួមចំនួន២,៨៤១នាក់។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានផ្តល់កិត្តិយស បំពាក់គ្រឿងឥស្សរិយយស ចំនួន៥៩គ្រឿង និងផ្តល់ជូននូវលិខិតថ្លែងអំណរគុណ ចំនួន៤២ប័ណ្ណ បានជូនដល់មន្រ្តីរាជ និងសប្បុរសជន សរុបចំនួន១០១នាក់ ដែលបានខិតខំចូលរួមចំណែក ថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ ឲ្យកាន់តែមានការរីកចម្រើន៕