(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានលើកឡើងថា មន្ដ្រីរបស់គណបក្សប្រជាជនទាំងអស់ ត្រូវប្រកៀកស្មាសាមគ្គីគ្នា បម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ កុំមានការបង្កើតនូវអរិភាពរវាងគ្នា និងគ្នាដែលនាំឲ្យកម្លាំងទន់ខ្សោយ។

ការលើកឡើងយ៉ាងដូច្នេះរបស់ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤២ អាណត្តិទី៥ នៅមជ្ឈមណ្ឌលម៉ូឌែន៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានផ្ដល់អនុសាសន៍ក្រើនរំលឹកដល់ មន្ត្រីរាជការខណ្ឌឫស្សីកែវ ដែលជាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាថា សូមកុំមានការព្រួយបារម្ភអំពីការព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលវាគង់តែបាត់បង់នៅពេលណា ដែលប្រទេសយើងមានការរីកចម្រើន ប៉ុន្តែអ្វីដែលគួរព្រួយបារម្ភ គឺភាពអសកម្មរបស់មន្ត្រីយើងមួយចំនួន ដែលធ្វើឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

លោកបន្តថា កម្ពុជាពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ឈ្លាសវៃ រក្សាបានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ អស់រយៈពេលជាង៤០ឆ្នាំមកនេះ ដូច្នេះសូមមន្រ្តីរាជការខណ្ឌឫស្សីកែវទាំងអស់ បំពេញតួនាទីភារកិច្ចឲ្យបានល្អ ក្នុងស្មារតីទទួលខុសត្រូវ ជូនប្រជាពលរដ្ឋដើម្បីទទួលបានជ័យជំនះបន្តទៀត។

ក្នុងឱកាសនេះដែរ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ បានអានខ្លឹមសារសន្និបាតក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលនៅថ្ងៃទី១-២ ខែកុម្ភៈកន្លងទៅ ដែលជាគោលនយោបាយបទបញ្ជាផ្ទៃក្នុង និងកំណែទម្រង់ស៊ីជម្រៅរបស់គណបក្សប្រជាជនកម្ពុជា និងសរុបរបាយការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៩ និងលើកទិសដៅភារកិច្ចឆ្នាំ២០២០។

ក្នុងស្ថានភាពដែលប្រទេសខ្លាំងៗមួយចំនួន នៅលោកខាងលិចនៅតែបន្តប្រើលេះប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បំពានលើអធិបតេយ្យរបស់ប្រទេស ដែលខ្សោយជាងខ្លួន សម្ដេចតេជោ ហ៊ុន សែន បានការពារដោយជោគជ័យ នូវឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី អព្យាក្រឹត និងសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងឯកភាពជាតិ ពង្រឹងបានភាពអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រក្សាខ្ជាប់បាវច្ចនាកំណែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ៕