(តាកែវ)៖ ទេសរដ្ឋមន្រ្តី យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា លើកទី៤២ អាណតិ្តទី៥ ជូនដល់សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកព្រៃកប្បាស ចំនួនប្រមាណ៣៥០នាក់ ដើម្បីជ្រាប និងផ្សព្វផ្សាយបន្តដល់សមាជិក សមាជិកាគណបក្សនៅតាមមូលដ្ឋានក្នុងស្រុកព្រៃកប្បាស។

ថ្លែងក្នុងឱកាសនោះ ក្រោយពីបានបញ្ជាក់អំពីតួនាទី របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងតួនាទី របស់គណបក្សប្រជាជនកម្ពុជា គ្រប់កាលៈទេសៈក្នុងការដឹកនាំប្រទេស ទេសរដ្ឋមន្ត្រី យឹម ណុលឡា បានជម្រាបជូនអំពីស្ថានភាពនយោបាយសេដ្ឋកិច្ច សង្គមកិច្ច របស់ប្រទសកម្ពុជា និងសមទ្ធិផលនានា ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិ និងប្រជាជនកម្ពុជានាពេលកន្លងមក និងទិសដៅបន្តសម្រាប់ឆ្នាំខាងមុខទៀត.

លើសពីនេះ លោកក៏បានជម្រាបជូន អំពីការវិវត្តថ្មីៗ នៃសភាពការណ៍លើពិភពលោក និងក្នុងតំបន់ បញ្ហារវាងសហរដ្ឋអាមេរិក និងចិន ជាពិសេសបញ្ហាថ្មី គឺជំងឺរលាកសួត Covid-19 និងករណីជួយអ្នកទេសចរណ៍លើនាវា Westerdam ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឲ្យចូលចត នៅកំពង់ផែខេត្តព្រះសីហនុ ធ្វើឲ្យមនុស្សជាតិលើពិភពលោកជាច្រើន សុទ្ធតែបានស្ញប់ស្ញែងចំពោះទឹកចិត្តរបស់សម្តេចតេជោ ដែលមិនមានអ្នកណាស្មាន ដល់ចំពោះកាយវិការ អាកប្បកិរិយាមនុស្សធម៌ដ៏ប្រពៃក្រៃលែងនេះ ហើយធ្វើឲ្យកម្ពុជាមានឈ្មោះល្អប្រសើរ លើឆាកអន្តរជាតិថ្មីមួយទៀត។

ទេសរដ្ឋមន្រ្តី យឹម ណុលឡា បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាលសព្វថ្ងៃ បានប្រកាន់ជំហរច្បាស់លាស់ ដាច់ខាត និងប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ អធិបតេយ្យភាព ឯករាជ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍប្រទេស ដោយមិនចុះញ៉ម ចំពោះការគំរាមកំហែង ការដាក់សម្ពាធ និងទណ្ឌកម្មពីខាងក្រៅនោះឡើយ ក៏ដូចជាគោលជំហររបស់រាជរដ្ឋាភិបាលលើបញ្ហា EBA។

ទេសរដ្ឋមន្ត្រី បានបន្តថា កម្ពុជាត្រៀមលក្ខណៈម្ចាស់ការក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ក្រោមស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំដើម្បីទប់ទល់ និងដោះស្រាយរាល់បញ្ហានានា ដែលកើតឡើងជាយថាហេតុផងដែរ និងសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតរហូតដល់ ៨៣.០២ភាគរយ ដើម្បីផ្ដល់ឱកាសឲ្យ សម្ដេចតេជោ ហ៊ុន សែន បានបន្តដឹកនាំប្រទេស ឲ្យមានការរីកចម្រើនឡើងថែមទៀត ព្រមទាំងបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានផ្សាភ្ជាប់ខ្លួនជាមួយប្រជាជន នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ ស្មោះស្ម័គ្របម្រើប្រជាជនអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ប្រកបដោយឆន្ទៈមោះមុតក្នុងការអនុវត្តការកែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក និងគ្រប់វិស័យទាំងអស់ ដើម្បីឆ្លើយតបតាមបំណងដ៏ពិសិដ្ឋ របស់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលស្រឡាញ់សន្តិភាព និងចង់ឃើញប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។

លោក យឹម ណុលឡា បានលើកឡើងទៀតថា លោករួមនឹងមន្ត្រីក្រុមការងារ ចុះមកស្រុកព្រៃកប្បាស គឺមានបំណងដើម្បីជួយដោះស្រាយក្តីកង្វល់ របស់ប្រជាពលរដ្ឋ ឲ្យអស់ពីលទ្ធភាព ព្រោះយើងខ្ញុំទាំងអស់គ្នាជាអ្នកបម្រើបងប្អូន និងចង់ចូលរួមកសាងស្រុកព្រៃកប្បាស ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើងឲ្យកាន់តែប្រសើរឡើងថែមទៀត៕