(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា សមិទ្ធផលបានកើតឡើងជាបន្តបន្ទាប់ ដោយសារតែប្រទេសមានសុខសន្តិភាព។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ២ខ្សែ ប្រវែងជាង ៥០០០ម៉ែត្រ និងសាលារៀនមួយខ្នង ៥បន្ទប់ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិមេមាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកអភិបាលខេត្តបានថ្លែងបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំប្រឹងប្រែងក្នុងការកសាងនូវសុខសន្តិភាព ហើយនាំមកនូវការអភិវឌ្ឍ ក្នុងគោលដៅដើម្បីលើកកម្ពស់ កម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ហើយការអភិវឌ្ឍន៍នេះ រាជរដ្ឋាភិបាលបានយកវិស័យផ្លូវថ្នល់ និងវិស័យធនធានមនុស្ស ជាវិស័យអទិភាព ក្នុងចំណោមវិស័យ៤ ដែលរដ្ឋាភិបាល បានដាក់ចេញជាទិសដៅក្នុងការអភិវឌ្ឍ។

លោក អ៊ុន ចាន់ដា បន្តថា «មានសន្តិភាព គឺមានការអភិវឌ្ឍ ជាក់ស្ដែងដូចជានៅថ្ងៃនេះ សមិទ្ធផលដែលប្រជាពលរដ្ឋយើង នឹកស្មានមិនដល់គឺផ្លូវបេតុង ២ខ្សែ ប្រវែងជាង ៥០០០ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ ត្រូវបានស្ថាបនារួច រាល់ជាស្ថាពរ និងសាលារៀន១ខ្នង មាន ៥បន្ទប់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ»។

លោកថា ម្យ៉ាងទៀត សន្តិភាពនាំមកនូវតម្លៃ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង បានរស់នៅជួបជុំសាច់ញាតិ ប្រកបការងារដោយសុខដុមរមនាគ្រប់ៗក្រុមគ្រួសារ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានរៀបចំ កិច្ចការរដ្ឋបាលច្រកចេញចូលតែមួយ ដើម្បីសម្រួលដល់ការបំរើសេវាជូនដល់បងប្អូនប្រជាពលរដ្ឋយើង។

ជាមួយគ្នានេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នារង់ចាំជួយដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋយើងផងដែរ៕