(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រារព្ធកម្មវិធី «ទស្សនទានព្រះពុទ្ធសាសនា» ជូនដល់សិស្ស ថ្នាក់ទី៩ ចំនួន២.៤១១នាក់ ដែលមកពី ២០សាខា នៃសាលាប៊ែលធី អន្តរជាតិ ដែលមានព្រះគ្រូ ខៀវ ម៉ាលីន ព្រះលេខាធិការអនុគណខណ្ឌចំការមន និងជាព្រះលេខាធិការវត្តមហាមន្ត្រី ជាធម្មកថិកនិមន្ត មកសម្តែងធម៌នាពេលនេះ។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ជាតំណាងរបស់លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានថ្លែងថា ដើម្បីពង្រឹងគុណភាពអប់រំ សម្រាប់សិស្សចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ក៏ដូចជា ដើម្បីឲ្យប្អូនៗសិស្សានុសិស្ស ទទួលបានចំណេះដឹងបន្ថែមទៀត សាលាក៏បានបង្កើត និងបញ្ចូលកម្មវិធី សំខាន់ៗទាំង៨រួមមាន៖

*ទី១ ៖ កម្មវិធីបង្កើនចំណេះដឹងទូទៅ
*ក ៖ សិស្សថ្នាក់ទី៩ សិក្សាពីទស្សនទានព្រះពុទ្ធសាសនា
*ខ ៖ ថ្នាក់ទី១០ សិក្សាពីសុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក
*គ ៖ ថ្នាក់ទី១១ សិក្សាពីការយល់ដឹងពីគ្រឿងញៀន និងជម្ងឺអេដស៍
*ឃ ៖ ថ្នាក់ទី១២ សិក្សាពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម។

*ទី២ ៖ កម្មវិធីពង្រឹងស្មារតី
*ក ៖ កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
*ខ ៖ កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស
*គ ៖ វេទិកាជជែកពិភាក្សាជាសាធារណៈ។

*ទី៣ ៖ កម្មវិធីទស្សនកិច្ចសិក្សា (តាមតំបន់ទេសចរណ៍ និងតំបន់ប្រវត្តិសាស្រ្តនានា ទាំងក្នុង និងក្រៅប្រទេស)
*ទី៤ ៖ កម្មវិធិសិក្សាតាមទូរទស្សន៍ (សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ)
*ទី៥ ៖ កម្មវិធីប្រឡងសំណេរ (សិស្សចេះស្ទាត់ក្នងការសរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តីសម្រាប់ថ្នាក់ធំ)
*ទី៦ ៖ កម្មវិធីប្រកួតប្រជែងគណិតវិទ្យា (សិស្សមានភាពស្ទាត់ និងមានភាពរហ័សក្នុងការគិតលេខ)
*ទី៧ ៖ កម្មវិធីប្រកួតប្រជែងទេពកោសល្យ (ផ្តល់ឱ្យសិស្សបានបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដែលមានតាំងពីកំណើត)
*ទី៨ ៖ កម្មវិធីកីឡា (សិស្សទទួលបានសុខភាពល្អ មានមេត្រីភាព និងសាមគ្គីភាព)។

លោកអគ្គនាយករង បានបន្ថែមថា សាលាកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ សាលាក៏បានបន្តបើកថ្នាក់បំប៉នបន្ថែម និងថ្នាក់ពិសេស សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ ផងដែរ។

ក្នុងឱកាសនោះផងដែរ ព្រះគ្រូ ខៀវ ម៉ាលីន បានមានសង្ឃដីកាថា ព្រះតេជគុណ និមន្តមកសម្តែងធម៌នាពេលនេះ ដើម្បីឲ្យសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ បានយល់ដឹងពីព្រះធម៌ និងលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបញ្ជ្រាបព្រះពុទ្ធឱវាទដល់សិស្សានុសិស្សឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស មានកតញ្ញូកតវេទិតាធម៌ចំពោះមាតាបិតា ដែលបានចិញ្ចឹមបីបាច់ថែរក្សា ពិសេសអប់រំពង្រឹងសីលធម៌ សុជីវធម៌ និងចរិយាធម៌ក្នុងសង្គមឲ្យជៀសផុតពីការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើអនាចារ ការរំលោភសេពសន្ថវៈ យល់ដឹងពីបញ្ហាសុខភាព និងជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើង។ ជាពិសេសយុវជន យុវនារី កុមារា កុមារី ឲ្យប្រព្រឹត្តតែអំពើល្អ និងខិតខំរៀនសូត្រ ដើម្បីក្លាយទៅជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិទៅថ្ងៃអនាគត៕