(កណ្ដាល)៖ កុដិ០១ខ្នង កម្ពស់២ជាន់ រួមនឹងសមិទ្ធផលនានា នៅក្នុងវត្តខ្ពបអណ្តែត ហៅវត្តក្របៅ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រារព្ធពិធីបើកសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន តំណាងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម ពិសេសការកសាងអភិវឌ្ឍន៍ ប្រទេសជាតិ នាពេលកន្លងមក។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ចក្ខុវិស័យដ៏ច្បាស់លាស់ និងវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ក៏បាននាំមកផងដែរនូវសន្តិភាព ដ៏ស្រស់បំព្រងដល់ដែនដីកម្ពុជា។ សន្តិភាព បានផ្តល់នូវសាធុកាពរដ៏ច្រើនអនេកមកដល់ជាតិ និងប្រជាជនកម្ពុជា ហើយអ្វីដែលយើងកំពុងឃើញ ជាក់ស្តែងនាពេលនេះ គឺឱកាសសម្រាប់កម្ពុជាក្នុងការទាញយកប្រយោជន៍ ពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយប្រទេសជាដៃគូ ទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានសង្កត់ធ្ងន់ថា «មានតែសន្តិភាពទេ ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ដូចដែលយើងកំពុងមានសព្វថ្ងៃនេះ។ សូមអរគុណសន្តិភាព ដែលយើងមានសព្វថ្ងៃនេះ សូមអរគុណអ្នករកសន្តិភាព និងសូមនាំគ្នាថែរក្សាកុំឲ្យបាត់បង់។ ការរួបរួមគ្នាថែរក្សា សន្តិភាពនេះ គឺត្រូវការការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីភាពរឹងមាំ និងស្ថិតស្ថេរយូរអង្វែងតទៅមុខ»។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានប្រគេនបច្ច័យវត្តខ្ពបអណ្តែត ហៅវត្តក្របៅ ចំនួន៥,០០០ដុល្លា។ ឧបត្ថម្ភសាលាក្រុងតាខ្មៅ ២លានរៀល, សង្កាត់កំពង់សំណាញ់ ៥០ម៉ឺនរៀល ព្រមទាំងនៅយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភចែកជូនលោកតាលោកយាយជី មន្ត្រីក្រុមប្រឹក្សាសង្កាត់ ក្រុង យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕