(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងថ្មីមួយ ដោយសម្រេចពន្យាពេលនៃការបង់ថ្លៃសំរាម និងសំណល់រឹង សម្រាប់ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈការសម្រេចកន្លងទៅ ការបង់ថ្លៃប្រមូលសំរាមសម្រាប់ខែមករា ត្រូវបញ្ចប់ត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅមានប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់បំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅឡើយ ដោយសារបងប្អូននៅពុំទាន់យល់ពីការផ្លាស់ប្ដូរប្រព័ន្ធបង់ប្រាក់ថ្មីនេះ និងខ្លះទៀតជាប់រវល់បំពេញកាតព្វកិច្ចការងារ និងប្រកបមុខរបររកស៉ីប្រចាំថ្ងៃ មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។

សូមរំលឹកថា នីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាមថ្មីនេះ ប្រជាពលរដ្ឋអាចបង់តាមមធ្យោបាយជាច្រើនដូចជា ប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរទូទាត់នៅធនាគារ ACELDA ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀត រួមមាន Wing, eMoney, Lyhour Welluy, Pi Pay, True Money និង Dara Pay ជាដើម។

នៅពេលទៅបង់ប្រាក់ នៅតាមភ្នាក់ងារទូទាត់ប្រាក់ប្រជាពលរដ្ឋគ្រាន់តែប្រាប់លេខសម្គាល់អតិថិជន (ID) របស់ខ្លួននៅក្នុងវិក្កយបត្រអគ្គិសនីជាការស្រេច។ ដោយឡែក សម្រាប់កម្រៃសេវាកម្ម នៃការបង់ប្រាក់ ចន្លោះពី៥០០រៀល ទៅ៨០០រៀលតែប៉ុណ្ណោះ។ លើសពីនេះ ពលរដ្ឋក៏អាចបង់ផ្ដាច់ រយៈពេល១ឆ្នាំ ក៏បានដែរ៕