(សៀមរាប)៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រុមការងារ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលដឹកនាំដោយលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្ដល់ជូនមាតា ដែលទើបនឹងសម្រាលកូនតូចៗ ចំនួន៨០នាក់ នៅមណ្ឌលសុខភាពចាន់សរ, ពពេល នៅស្រុកសូទ្រនិគម និងនៅពន្ធនាគារខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

បន្ទាប់ពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត បានអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកស្រី ទាង អេង ទៀសីហា បានលើកឡើងថា សម្រាប់ការចុះតាមគោលដៅនាថ្ងៃនេះ គឺក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងយកចិត្តទុកដាក់ ចំពោះសុខភាពមាតា ទារក កុមារ និងដើម្បីគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។

ថ្លែងសំណេះសំណាលជាមួយបងប្អូនជាស្ត្រីទាំងបីទីតាំងនេះ លោកស្រី ទាង អេង ទៀសីហា បានស្នើសុំឲ្យស្ត្រីដែលជាម្ដាយគ្រប់រូប បន្ទាប់ពីសម្រាលកូនរួច សូមបំបៅកូនដោយទឹកដោះម្ដាយ ដើម្បីទារកមានការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាស្មារតីបានល្អប្រសើរ, ការពារកុមារឲ្យមានការទប់ទល់ នឹងជំងឺផ្សេងៗផងដែរ។

លោកស្រី ក៏បាននាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានធ្វើការណែនាំ និងផ្តាំផ្ញើដល់ស្ត្រីដែលជាមាតាៗគ្រប់រូប សំខាន់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ ជាមួយគ្រូពេទ្យ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួន ទៅតាមការកំណត់ និងទទួលយកសេវាបង្ការ ព្យាបាល ថែទាំឲ្យបានទៀងទាត់ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ហើយត្រូវធ្វើការពិនិត្យសុខភាព ក្រោយពេលការសម្រាលកូន ទាំងមាតា និងទារក ត្រូវទៅទទួលចាក់ថ្នាំបង្ការជំងឺទាំង១១មុខ ទៅតាមការណែនាំការកំណត់របស់គ្រូពេទ្យ ផងដែរ។

ក្នុងឱកាសអបអរសាទរទិវា ជាតិសុខភាពមាតា ទារក និងកុមារ ប្រចាំឆ្នាំ២០២០ លោកស្រីបានសម្ដែងនូវអំណរសាទរ និងការកោតសរសើរយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលពីមួយឆ្នាំទៅមួយឆ្នាំ បានខិតខំសម្រេចនូវសមិទ្ធផលជាច្រើន ក្នុងការដឹកនាំប្រទេសយើងឲ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ ភាពសុខដុមរមនា និងការអភិវឌ្ឍសង្គមជាតិឲ្យរីកចម្រើនឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រសួងសុខាភិបាល មន្រ្តីជំនាញ អង្គការជាតិ អន្តរជាតិ និងកាកបាតក្រហមកម្ពុជា ដែលបានជួយគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោកស្រី និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ផ្ដល់ជូនស្ត្រី ដែលទើបនឹងសម្រាលកូនរួចទាំង៨០នាក់ (ក្នុងមណ្ឌលសុខភាពចាន់សរ ១៥នាក់, មណ្ឌលសុខភាពពពេល ៤០នាក់ និងស្រ្តីដែលនៅក្នុងពន្ធនាគារខេត្តសៀមរាប ចំនួន២៥នាក់ផងដែរ) ក្នុងស្រ្ដីម្នាក់ៗ ទទួលបានមុង១, ភួយ១, សារុង១, ក្រម៉ា១, កន្សែងពោះគោ១, មីកញ្ចប់ ១កេស, ត្រីខ ១យួរ, ទឹកដោះគោ ២កំប៉ុង, ស្ករស ១គីឡូ, សាប៊ូក្រអូប ២ដុំ និងថវិកាចំនួន៥ម៉ឺនរៀល៕