(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣ ក្រុមការងារឆ្លើយតបការចម្លងវីរុសកូរ៉ូណាថ្មី (COVID-19) ដែលកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីបន្តកិច្ចការសំខាន់ៗ សម្រាប់ឆ្លើយតបការចម្លងវីរុស COVID-19 ឲ្យកាន់តែមានប្រសិទ្ធភាព និងការរៀនសូត្រ ដកស្រង់បទពិសោធន៍ នៃការគ្រប់គ្រង ការឆ្លើយតប ការស្រាវជ្រាវ ការពិនិត្យ និងការព្យាបាលពិសេសកិច្ចការ ដែលបានធ្វើសម្រាប់ពិនិត្យសុខភាព អ្នកដំណើរតាមនាវាខ្នាតយក្ស WESTERDAM។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះធ្វើឡើង នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល ក្រោមអធីបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា «បច្ចុប្បន្នកម្ពុជា មិនទាន់មានប្រជាជនណាម្នាក់ ផ្ទុកវីរុស COVID-19 នេះក៏ពិតមែន គោលបំណងនៃការប្រជុំនេះ ដើម្បីពិនិត្យឡើងវិញនូវបទពិសោធន៍ យន្តការគ្រប់គ្រង និងការពិភាក្សាគ្នារិះរកនីតិវិធីប្រទាក់ក្រឡា សំដៅបន្តព្រងឹងយន្តការនៃការឆ្លើយបត ការស្រាវជ្រាវ និងការទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មីនៅកម្ពុជា ព្រមទាំងដាក់ចេញនូវវិធានការជាបន្តទៀត ក្នុងការបន្តវិធានការទប់ស្កាត់ការចម្លងវីរុសនេះ នៅកម្ពុជា។

ជាមួយគ្នានេះក្រសួងសុខាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ រួមទាំងអាជ្ញាធររាជធានី និងខេត្តព្រះសីហនុ ព្រមទាំងស្ថាប័នជាតិ និងអន្តរជាតិ ដែលបានជួយសម្របសម្រួលដល់អ្នកដំណើរតាមនាវា WESTERDAM៕

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលទាំងស្រុង៖