(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ បានសម្ដែងនូវការដឹងគុណជាអនេក ចំពោះការនាំមកនូវសន្ដិភាពជូនមាតុភូមិកម្ពុជា និងបានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងឆ្នាំកន្លងទៅនេះ។

ជាពិសេសជាមួយនឹងវឌ្ឍនភាពនេះ ប្រជាជនកម្ពុជា កាន់តែមានឱកាសទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន និងទទួលបាននូវអត្ថប្រយោជន៍បន្ថែម ពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលបានជួយដល់មន្ដ្រីរាជការ ជាកម្មការិនី ទទួលបាននូវអត្ថប្រយោជន៍ក្នុងការថែទាំសុខភាព ការពិគ្រោះពិនិត្យព្យាបាល ទទួលបានរបបឧបត្ថម្ភមាតុភាព រួមចំណែកជួយគ្រួសារនីមួយៗមានសុភមង្គល។

ការលើកឡើងរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងតាមរយៈសារលិខិតចូលរួមអបអរសាទរ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមប្រធានបទ «សុខភាពកុមារកម្ពុជានាពេលអនាគត»។

ក្នុងសារលិខិតនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់ពីខែមិថុនា ឆ្នាំ២០១៩មក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកូនអាយុក្រោមពីរឆ្នាំនៃគ្រួសារ មានបណ្ណសមធម៌ ឬបណ្ណអាទិភាព ដែលជាជំហានថ្មីមួយទៀត ក្នុងការសម្រេចបាននូវការគ្របដណ្ដប់សេវាសុខភាពជាសកលនៅកម្ពុជា និងជាការយកចិត្ដទុកដាក់ចំពោះការថែទាំជាបន្ដ លើការលូតលាស់របស់ទារក ចាប់ពីក្នុងផ្ទៃម្ដាយ ទារកទើបនឹងកើត និងបន្ដថែទាំដល់កុមារតូចឱ្យមានការលូតលាស់ល្អទាំងរាងកាយ ស្មារតី និងប្រាជ្ញា។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការងារចាំបាច់ ដែលយើងត្រូវរួមគ្នាធ្វើនោះ គឺធ្វើយ៉ាងណាឱ្យគ្រប់ស្ដ្រីមានផ្ទៃពោះ ទទួលបានការពិនិត្យថែទាំ ចាប់ពីពេលពរពោះ រហូតដល់ពេលសម្រាលកូន និងក្រោយសម្រាលកូន ហើយត្រូវបន្ដថែរក្សាសុខភាពទាំងម្ដាយ ទាំងកូនក្នុងអំឡុងពេលមួយខែកន្លះ និងបន្ដថែទាំសុខភាពកូនរហូតដល់កូនមានអាយុពីរឆ្នាំ៕