(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ បានថ្លែងអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការបុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្ដគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាល តាមការកំណត់។

ជាពិសេស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្ដរជាតិ សូមជួយ និងបន្ដជួយវិនិយោគគំាទ្រ ដល់ការងារសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។

ការលើកឡើងរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងតាមរយៈសារលិខិតចូលរួមអបអរសាទរ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមប្រធានបទ «សុខភាពកុមារកម្ពុជានាពេលអនាគត»។

ទន្ទឹមនឹងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «ខ្ញុំមានក្ដីសង្ឃឹម និងជឿជាក់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនំាដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នឹងបង្កើនលទ្ធភាពបន្ថែមទៀត ក្នុងការធ្វើឱ្យកាន់ប្រសើរឡើងនូវស្ថានភាពសុខភាពមាតា ទារក និងកុមារនៅកម្ពុជា»។

ជាមួយគ្នានោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល មន្ដ្រីជំនាញ ស្ថាប័នពាក់ព័ន្ធ ម្ចាស់ជំនួយ អង្គការជាតិ និងអន្ដរជាតិ កាកបាទក្រហមកម្ពុជា អង្គការសង្គមស៊ីវិល សប្បុរសជន អាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថទាំងអស់ ដែលបាននឹងបន្ដជួយគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ៕