(ព្រះវិហារ)៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមានថវិកានិងសម្ភារៈជាច្រើន ត្រូវបានយកទៅប្រគល់ជូនគ្រួសារកសិករមួយគ្រួសារ ដែលប្រសូត្របានកូនភ្លោះ៣នាក់ រស់នៅភូមិបដិវត្ត ឃុំច្រាច់ ស្រុកជយ័សែន ខេត្តព្រះវិហារ។ ពិធីប្រគល់អំណោយនេះ ស្ថិតក្រោមវត្តមានលោក រស់ ហេង អភិបាលស្រុកជយ័សែន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងក្រុមការងារ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

នៅក្នុងឱកាសនោះលោក រស់ ហេង បានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការសាខា​កាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចជាកាលលោកតែងយកចិត្តទុកដាក់ គិតគូរជានិច្ច​អំពីសុខទុក្ខនិងការរស់នៅរបស់បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តព្រះវិហារ​របស់យើង។

លោក រស់ ហេង បានថ្លែងបញ្ជាក់ទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន តែងបានយកចិត្តទុកដាក់​គិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗ និងពលរដ្ឋក្រីក្រ ស្ត្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា អ្នកផ្ទុកមេរោគអេដស៍....ជាដើម។

លោក រស់ ហេង បានថ្លែងបន្តទៀតថា អំណោយទាំងនេះ ទោះមិនអាចបំពេញតាមសេចក្តីត្រូវការក៍ពិតមែន តែបានដោះស្រាយនៅការខ្វះខាតបានមួយគ្រាៗដែរ។ លោក​ថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ដែលករណីនេះ លោកផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋយើង ត្រូវគាំទ្រសម្តេច​តេជោ ហ៊ុន សែន ដឹកនាំប្រទេសបន្តទៅទៀត ដើម្បីអោយប្រទេសជាតិ យើងកាន់តែមាន​ការអភិវឌ្ឍន៍​រីកចម្រើនជាងនេះតទៅទៀត។

សូមបញ្ជាក់ថាស្ត្រីដែលសម្រាលបានកូនភ្លោះបានចំនួន០៣នាក់ ភេទស្រីទាំង៣នោះ គឺបានសម្រាលនៅវេលាម៉េាង ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ចំថ្ងៃទិវាបុណ្យនៃសេចក្តីស្រឡាញ់ ហើយកូននីមួយៗមានទម្ងន់ ៦.៥គីឡូក្រាម។ ហើយការសម្រាលកូននេះគឺលើកទី២ ហើយ ដែលការសម្រាលលើកទី១គាត់ទទួលបានកូនប្រុសម្នាក់ រហូតមកដល់បច្ចប្បន្ននេះគឺមានអាយុ៥ឆ្នាំហើយ៕