(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា កសាងយុទ្ធសាស្ត្រ ២០៣០ ក្នុងការផ្តល់សេវាមនុស្សធម៌ កាន់តែឱ្យជិត និងទាន់ពេលវេលាដល់ប្រជាពលរដ្ឋងាយរងគ្រោះ។

នៅក្នុងសិក្ខាសាលនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការថ្នាក់កណ្ដាល ថ្នាក់សាខាទាំង២៥ រាជធានីខេត្ត តំណាងសហព័ន្ធអន្តរជាតិ តំណាងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម មន្ត្រីទីស្នាក់ការកណ្តាល ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១៣៤នាក់។

ក្នុងឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកស្រឡាញ់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះសិក្ខាកាម ជាមួយនឹងការថ្លែងអំណរគុណ និងការកោតសរសើរចំពោះលោក គ្រីស្តូហ្វើ រ៉ាស៊ី ប្រធានក្រុមគាំទ្រកម្រងប្រទេសនៃសហព័ន្ធអន្តរជាតិ ដែលបានជួយសម្របសម្រួលប្រើវិធីសាស្ត្រប្រមូលផ្តុំបាននូវគោលគំនិតសំខាន់ៗ សម្រាប់ជាមូលដ្ឋានគ្រឹះនៃការតាក់តែងជាយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា សម្រេចបានទស្សនវិស័យចំនួន១១។

លោកស្រីកិត្តិសង្គហបណ្ឌិត បានពាំនាំនូវអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់អង្គសិក្ខាសាលា ជាពិសេសគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា ដូចជា៖

* ត្រូវបន្តយកចិត្តទុកដាក់ លើកកម្ពស់ភាពជាម្ចាស់ការរបស់សាខា-អនុសាខា ក្នុងការងារអភិវឌ្ឍស្ថាប័ន និងពង្រឹង-ពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជានៅទូទាំងប្រទេស។

* ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តទៅតាមតួនាទី និងការទទួលខុសត្រូវរបស់គណៈអភិបាល ក្នុងអភិបាលកិច្ចល្អ ការផ្តល់ជួយឧបត្ថម្ភគាំទ្រដល់ក្រុមប្រតិបត្តិនៅគ្រប់លំដាប់ថ្នាក់ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងការជួយសម្របសម្រួល ពិគ្រោះយោបល់ ដោះស្រាយបញ្ហាជាមួយ គ្នាក្នុងស្មារតីក្រុម ប្រកបដោយសុច្ឆន្ទៈ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា ដើម្បីភាពជោគជ័យទាំងអស់គ្នា។

* ត្រូវចងចាំជានិច្ចថា បេសកកម្មមនុស្សធ៌មមានលក្ខណៈធំធេង និងត្រូវធ្វើជាប្រចាំ ដើម្បីឆ្លើយតបទៅនឹង សេចក្តីត្រូវការរបស់អ្នកងាយរងគ្រោះ ហើយជាកិច្ចការមួយ ដែលពុំអាចធ្វើទៅបាន ដោយបុគ្គលណាម្នាក់ ក្រុមណាមួយ ឬប្រទេសណាមួយតែឯកឯងបានឡើយ។

* ត្រូវបន្តលើកកម្ពស់ស្មារតី សហប្រតិបត្តិការទំនាក់ទំនងមិត្តភាពឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ អង្គការ និងស្ថាប័នផ្សេងៗដែលជាប្រតិបត្តិករក្នុងខេត្ត-រាជធានី ផ្លាស់ប្តួរព័ត៌មាន ចែករំលែកបទពិសោធន៍ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញការងារ។
* ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងពង្រឹងកម្លាំងយុវជនដែលមានស្រាប់ និងពង្រីកកម្លាំងថ្មី ទៅតាមលទ្ធភាពជាក់ស្តែងរបស់សាខា។ ត្រូវខិតខំម្ចាស់ការរៀបចំគម្រោងកម្មវិធីយុវជន ដោយចាប់ផ្តើមឲ្យយុវជនធ្វើសកម្មភាពជាក់ស្តែង ក្នុងសាលារៀន តាមរយៈកម្មវិធី មិត្តអប់រំមិត្ត សិស្សជួយសិស្សក្រីក្រគ្នាឯង អប់រំសីលធម៌សង្គម ការអប់រំជំងឺអេដស៍ គ្រឿងញៀន អនាម័យ សុខភាព បរិស្ថាន ។ល។ និងលើកទឹកចិត្តយុវជនឱ្យចេះម្ចាស់ការ ផ្តួចផ្តើម គំនិត រៀបចំគម្រោងនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការដោះស្រាយភាពងាយរងគ្រោះ។

* ត្រូវថែរក្សា និងបំប៉នជំនាញអ្នកស្ម័គ្រចិត្តតាម សហគមន៍មូលដ្ឋាន ឲ្យចូលរួមកាន់តែសកម្ម ក្នុងការសិក្សា វិភាគស្ថានភាពងាយរងគ្រោះ ប៉ាន់ប្រមាណ តម្រូវការជាមូលដ្ឋានរបស់សហគមន៍ និងរបស់អ្នកងាយរងគ្រោះ ព្រមទាំងបង្កើនសមត្ថភាពអ្នកស្ម័គ្រចិត្ត ក្នុងការកសាងផែនការ និងគ្រប់គ្រងការងារតាមជំនាញ ដែលបានបណ្តុះបណ្តាលរួចហើយ។

* ត្រូវកសាងផែនការប្រតិបត្តិការប្រចាំឆ្នាំ និងមានកញ្ចប់ថវិកា ដោយធ្វើយ៉ាងណាឲ្យមានពេល វេលាគ្រប់គ្រាន់សម្រាប់ការពិនិត្យ វិភាគស្ថានភាពងាយរងគ្រោះ សហគមន៍ដោយមានការចូលរួមពីអ្នកទទួលផល ពីសហគមន៍ ពីអ្នកស្ម័គ្រចិត្ត ពីអនុសាខា និងពីយុវជនកាកបាទក្រហម។

សូមជម្រាបផងដែរថា ក្នុងឱកាសបិទសន្និបាត សម្រេចបានទស្សនវិស័យ និងសសរស្តម្ភចំនួន៤៖ គឺ មូលដ្ឋានច្បាប់ និងរចនាសម្ព័ន្ធ, គុណភាព នៃសេវាកម្មនានារបស់កាកបាទក្រហមកម្ពុជា, និរន្តរភាព នៃសេវាកម្ម, អភិវឌ្ឍន៍វិស័យស្នូល ព្រមទាំងគុណតម្លៃចំនួន៧ គឺតម្លាភាព និងគណនេយ្យភាព, ជំនឿទុកចិត្ត, ការទទួលស្គាល់, ការត្រៀមខ្លួនជាស្រេច, បរិយាប័ន្ន, ប្រសិទ្ធភាព / ប្រសិទ្ធផល និងប្តេជ្ញាចិត្តផងដែរ៕