(ភ្នំពេញ)៖ ក្រសួងផែនការ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នឹងរៀបចំវេទិការធ្វើបទបង្ហាញ ស្ដីពី «វឌ្ឍនភាព ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩»។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួងផែនការ បានបញ្ជាក់ថា វេទិការនេះ មានទិសដៅ និងគោលបំណង បង្ហាញជូនដល់សាធារណជនឲ្យបានច្បាស់ពីដំណើរការរៀបចំ, សកម្មភាពការងារ, វិធីសាស្ដ្របច្ចេកទេស នៃការគណនា, លទ្ធផលអង្កេតក្រោយជំរឿន និងការវាយតម្លៃអំពីសុក្រឹត្យភាព នៃលទ្ធផលជំនឿ ព្រមទាំងបកស្រាយ បំភ្លឺជូនរាល់បញ្ហាចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងលត្ធផលបណ្ដោះអាសន្នជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩។

សូមជម្រាបថា កន្លងទៅក្រសួងផែនការ ធ្លាប់បានចេញផ្សាយនូវរបាយការណ៍ទាំងស្រុង នៃតួលេខបណ្ដោះអាសន្ន ជំរឿនទូទៅប្រជាជននៅប្រទេសកម្ពុជា ឆ្នាំ២០១៩ ដែលរៀបចំឡើងកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។

ក្នុងរបាយការណ៍បានបង្ហាញថា តាមតួលេខបណ្តោះអាសន្នក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមាន ចំនួន១៥,២៨៨,៤៨៩នាក់ ក្នុងនោះ មានប្រុស៧,៤១៨,៥៧៧នាក់ និងស្រី៧,៨៦៩,៩១២នាក់។ ចំនួនប្រជាជនសរុបកើនឡើង ១,៨៩២,៨០៧នាក់ ត្រូវនឹង១៤.១ភាគរយ រយៈពេល១១ឆ្នាំ រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៩៕