(ភ្នំពេញ)៖ ក្រុមហ៊ុនខេមលូប (ខេមបូឌា) ឯ.ក បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល ផ្គត់ផ្គង់ និងលក់ចែកចាយនូវប្រេងរំអិលម៉ាក «MOBIL»នៅកម្ពុជា ដែលប្រេងរំអិលនេះ ជាផលិតផលមកពីសហរដ្ឋអាមេរិក។

តាមច្បាប់អនុញាតទទួលស្គាល់សិទ្ធិនាំចូល និងលក់ចែកចាយផ្ដាច់មុខរបស់ក្រសួងពាណិជ្ជកម្ម លេខ ០៥៦៨ ព.ណ កសប ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម បានកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលប្រេងរំអិលម៉ាក «MOBIL» នៅកម្ពុជា របស់ក្រុមហ៊ុន ខេមលូប (ខេមបូឌា) ឯ.ក បន្ទាប់ពីក្រុមហ៊ុននេះ បានទទួលសិទ្ធិនាំចូលផ្ដាច់មុខ ពីក្រុមហ៊ុន Exxon Mobil Corporation ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ រួចមក។

សូមបញ្ជាក់ថា ប្រេងរំអិលម៉ាក «MOBIL» គឺជាផលិតផលមកពីសហរដ្ឋអាមេរិក មានភាពល្បីល្បាញលើគុណ និងសុវត្ថិភាពគ្រឿងម៉ាស៊ីនជាយូរឆ្នាំមកហើយ នៅលើទីផ្សារពិភពលោក ហើយនៅកម្ពុជា ប្រេងរំអិលម៉ាក «MOBIL» ក៏ល្បីល្បាញ និងអតិថិជន អ្នកប្រើប្រាស់គ្រឿងម៉ាស៊ីន ជាពិសេសម្ចាស់យានយន្តផ្ដល់ជំនឿទុកចិត្តផងដែរ។

ដោយមើលឃើញពីគុណភាព និងសុវត្ថិភាពគ្រឿងម៉ាស៊ីន ដែលបានប្រើប្រាស់ប្រេងរំអិលម៉ាក «MOBIL»នេះ ទើបក្រុមហ៊ុនខេមលូប (ខេមបូឌា) ឯ.ក បានសុំសិទ្ធិនាំចូល ផ្គត់ផ្គង់ ចែកចាយផ្ដាច់មុខ នៅកម្ពុជា។

បន្ទាប់ពីទទួលបានសិទ្ធិនាំចូល ចែកចាយផ្ដាច់មុខពីក្រុមហ៊ុន Exxon Mobil Corporation និងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មរួចមក ក្រុមហ៊ុនបានជូនដំណឹងដល់អាជីវករ អតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖

ក្រុមហ៊ុនទុករយៈពេល០៣ខែ គឺចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដើម្បីឱ្យអ្នកធ្វើការចែកចាយរាល់ផលិតផលទាំងអស់ ដែលប៉ះពាល់លើសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន ដែលបាននាំចូលមុនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ឱ្យអស់ពីស្តុក និងបញ្ឈប់រាល់ការនាំចូលដោយរំលោភលើសិទ្ធិផ្ដាច់មុខ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ក្រោយផុតពេលកំណត់ខាងលើហើយ ក្រុមហ៊ុននឹងចាត់វិធានការផ្លូវច្បាប់យ៉ាង តឹងរឹងចំពោះជនណាដែលបានល្មើសច្បាប់៕