(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានជំរុញ ឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ មានទាំងនគរបាលខណ្ឌ អាវុធហត្ថខណ្ឌ រួមទាំងគណៈបញ្ជាការឯកភាពសង្កាត់ ដែលមានលោកចៅសង្កាត់ និងលោកនាយប៉ុស្តិ៍ រហូតដល់អស់លោក-លោកស្រីមេភូមិ ដែលនៅក្បែរប្រជាពលរដ្ឋជាងគេ ត្រូវតែបង្កើនការយកចិត្តទុកដាក់ ចំពោះបទល្មើសគ្រឿងញៀន និងចុះបង្ក្រាបជាដាច់ខាត ចំពោះទីតាំងល្បែងស៊ីសងគ្រប់ប្រភេទមិនថា ទីតាំងហ្គេម Internet និងហ្គេមបាញ់ត្រី និងកន្លែងជល់មាន់នៅក្នុងមូលដ្ឋានខណ្ឌ ស្របតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។

ការជំរុញរបស់លោក ពេជ្រ កែវមុនី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ របស់រដ្ឋបាលខណ្ឌមានជ័យ និងទិសដៅប្រចាំខែមិនា ឆ្នាំ២០២០ និងប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ រៀបចំធ្វើនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំរួមសាលាខណ្ឌមានជ័យ ស្ថិតនៅ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អងែ្រក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក ឡុង ង៉ែត អភិបាលរងសាលារាជនីភ្នំពេញ និងលោក មា សុភាព ព្រមទាំង នាយក-នាយករងរដ្ឋបាល សាលាខណ្ឌ ការិយាល័យចំណុះ ជំនាញសាលាខណ្ឌ និងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌ និងលោក ហែម រិទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ និងចៅសង្កាត់ទាំង៧ ព្រមទាំងមេភូមិ និងមន្ត្រីរាជការ ពាក់ព័ន្ធជាច្រើនរូបទៀត៕