(ពោធិ៍សាត់)៖ យ៉ាងហោចណាស់មនុស្ស ២នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា ទីតាំងទី១ នៅស្រុកបាកាន និងទីតាំងទី២ នៅក្រុងពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា ករណីទី១៖ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បង្កឡើងរវាងរថយន្តម៉ាក HYUNDAI ព័ណ៌ខៀវ ពាក់ស្លាក់លេខ ញ០២.៩៧ ភ.ព០៣ ដឹកថ្មល្អិត និងដែកសសៃ ទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ សួន ថៃ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកោះខ្សាច់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ លុះមកដល់ចំណុចកើតហេតុ បានដាច់ខ្សែចងដែក ក៏វ៉ាត់ធ្លាក់ក្មេងប្រុស ឈញមោះ សេង ហាក់ អាយុ១៣ឆ្នាំ ដែលតែងតែជិះតាមរថយន្តនោះម្តងម្កាល បណ្តាលឱ្យធ្លាក់ចូលកង់រថយន្តផ្នែកខាងស្តាំ កិនស្លាប់យ៉ាងអាណោចអាធមតែម្តង។

ករណីទី២៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយទៀត បានកើតឡើងនៅលើកំណាត់ផ្លូវក្រាលកៅស៊ូលេខ១៥៦ ត្រង់ចំណុចកោងទល់មុខចំការដើមគគីរ ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធី៍សាត់ បង្កឡើងរវាងរថយន្ដម៉ាក HYUNDAI ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-២៤៩៦ បើកបរដោយអញ្ញតជន បានធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបុកបុរសម្នាក់ឈ្មោះ ទុយ ចាន់រ៉ា អាយុ៦២ឆ្នាំ មានទីលំនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ អូសតាមកង់ឡានជាច្រើនមែត្រ បណ្តាលឱ្យស្លាប់យ៉ាងអាណោអាធម។ ភ្លាមនោះ រថយន្តបង្កបានបន្តបុករថយន្តមួយគ្រឿងទៀតម៉ាក TOYOTA Camry ប៉ាឡែន ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-១៩៧៧ បើកបរដោយឈ្មោះ ចាវ ផារី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរពេទ្យយោធា មានទីលំនៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បណ្តាលឱ្យខូចខាតមួយចំហៀង យ៉ាងដំណំ។

បច្ចុប្បន្នសាកសពជនរងគ្រោះទាំង២ករណីខាងលើ ត្រូវបានក្រុមគ្រួសារ រើសយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកឯអ្នកបើកបរ រួមទាំងរថយន្ដទាំងអស់ ត្រូវនគរបាលជំនាញយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រុងនីមួយៗ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕