(ភ្នំពេញ)៖ ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវា Westerdam បានប្រកាសលុបចោល គម្រោងធ្វើដំណើរចំនួន៤ ដែលគ្រោងធ្វើឡើងនៅអំឡុងខែមីនា និងមេសាខាងមុខនេះ ដោយសារតែពិបាកក្នុងការចូលចតនៅកំពង់ផែមួយចំនួន ក្នុងតំបន់អាស៊ី។ ពាក់ព័ន្ធនឹងការលុបគម្រោងនេះ ក្រុមហ៊ុនក៏បានសម្រេចសងប្រាក់ទៅកាន់ភ្ញៀវទេសចររបស់ខ្លួនវិញដែរ។

តាមការប្រកាសរបស់ក្រុមហ៊ុននេះ នៅលើ Facebook ផ្លូវការរបស់ក្រុមហ៊ុន Holland America Line បានបញ្ជាក់ថា គម្រោងធ្វើដំណើរតាមកប៉ាល់ Westerdam ចំនួន៤គោលដៅនោះ រួមមាន៖

* គម្រោងធ្វើដំណើរពីថ្ងៃទី១៤ ដល់ទី២៨ ខែមីនា មានរយៈ១៤ថ្ងៃ គឺកូរ៉េខាងត្បូង និងជប៉ុន ដែលនឹងត្រូវធ្វើដំណើរកម្សាន្តចេញពីទីក្រុង Yokohama ប្រទេសជប៉ុន ទៅកូរ៉េខាងត្បូង ហើយត្រឡប់មកទីក្រុង Yokohama វិញ។

* គម្រោងធ្វើដំណើរពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី១១ ខែមេសា, រយៈពេល១៤ថ្ងៃ ធ្វើដំណើរកម្សាន្តក្រោមការរៀបចំរបស់ក្រុមហ៊ុន Japan Explorer ដោយនឹងត្រូវចេញដំណើរពីទីក្រុង Yokohama។

* គម្រោងធ្វើដំណើរពីថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែមេសា, ១៤ថ្ងៃ ជប៉ុន និងរុស្ស៊ី ចេញពីដំណើរពីទីក្រុង Yokohama ប្រទេសជប៉ុន ទៅរុស្ស៊ី ហើយត្រឡប់មកទីក្រុង Yokohama វិញ

* គម្រោងធ្វើដំណើរពីថ្ងៃទី២៥ ដល់ថ្ងៃទី១០ ខែឧសភា, រយៈពេល១៦ថ្ងៃ ដោយត្រូវធ្វើដំណើរឆ្លងកាត់តំបន់ប៉ាស៊ីហ្វិកខាងជើង និងចេញដំណើរពីទីក្រុង Yokohama ទៅកាន់ទីក្រុង Vancouver, ខេត្ត British Columbia ប្រទេសកាណាដា

ដោយឡែក ការបញ្ជាក់បន្ថែម និងគម្រោងធ្វើដំណើរកម្សាន្តតាមកប៉ាល់ Westerdam នៅដើមខែឧសភា នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ក្រុមហ៊ុន Holland America Line បានអះអាងថា ខ្លួនបាននិងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ លើការវិវត្តស្ថានភាព ក៏ដូចជាលទ្ធភាពនានា ដើម្បីអាចរៀបចំគម្រោងដំណើរកម្សាន្តតាមកប៉ាល់នៅក្នុងតំបន់អាស៊ី ខណៈបណ្ដាប្រទេសក្នុងតំបន់ កំពុងព្រួយបារម្ភពីជំងឺ COVID-19។ យើងមិនដែលចង់ធ្វើឱ្យភ្ញៀវរបស់យើង មានការអាក់អន់ស្រពន់ចិត្តអ្វីនោះទេ តែទោះជាយ៉ាងនេះក្ដី បច្ចុប្បន្នយើងមិនមានទំនុកចិត្តថា អាចនឹងផ្ដល់បទពិសោធន៍ធ្វើដំណើរកប៉ាល់ បំពេញតាមការចង់បាន ឬរំពឹងទុករបស់ពួកគាត់ឡើយ។

ក្រុមហ៊ុនបញ្ជាក់ថា ភ្ញៀវទេសចររបស់ខ្លួនទាំងអស់នឹងទទួលបានប្រាក់ ដែលពួកគេចំណាយទិញសំបុត្រ និងរាល់ការចំណាយនានាលើគម្រោងធ្វើដំណើរកម្សាន្ត ដែលត្រូវបានលុបចោលត្រឡប់មកវិញ ហើយពួកគេម្នាក់ៗនឹងទទួលបានផងដែរ នូវការបញ្ចុះតម្លៃពី ២៥ ដល់ ៥០ភាគរយ សម្រាប់ការធ្វើដំណើរកម្សាន្ត នៅលើកក្រោយ អាស្រ័យទៅលើកាលបរិច្ឆេទចេញដំណើរ៕