(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន CRBC ដែលដឹកនាំដោយលោក Zhan Jinsheng នាយកគ្រប់គ្រងក្រុមហ៊ុន និងដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផ្សេងទៀតផងដែរ។

ជំនួបនេះធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងគោលបំណងដើម្បីពិភាក្សា ពិនិត្យលើជម្រើសតម្រាយផ្លូវថ្មី ចាប់ពីវាលវែងទៅខេត្តកោះកុង នៃគម្រោង សាងសង់ផ្លូវជាតិលេខ១០ ដែលត្រូវបានធ្វើការសិក្សា ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនស្ពានថ្នល់ ចិនសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីបង្ការកុំឲ្យមានការឆ្លៀត ឱកាសកាប់បំផ្លាញព្រៃ ឈើខុសច្បាប់ក្នុងអំឡុងពេលសាងសង់ និងបានសំណូមពរ ឲ្យគោរពតាមលក្ខខណ្ឌនានា ដែលកំណត់ ដោយក្រសួងបរិស្ថានផងដែរ។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឲ្យក្រុមការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ពិនិត្យលើផលប៉ះពាល់ផ្នែកបរិស្ថានដូចជា៖ ការកាប់បំផ្លាញព្រៃឈើ ធ្វើឲ្យខូចជម្រកសត្វព្រៃជាដើម។

សូមជម្រាបជូនថា ផ្លូវជាតិលេខ១០នេះ មានគម្រោងសាងសង់ធ្វើជាផ្លូវហាយវេជាតិ ដែលតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង និងតភ្ជាប់កំពង់ផែ ខេត្តកោះកុង និងខេត្តប៉ែកខាងជើងប្រទេស ដែលអាចជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ការដឹកជញ្ជូនទំនិញ ប្រកបដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ៕