(ភ្នំពេញ)៖ ក្រុមហ៊ុន Australian Investment Asia នឹងរៀបចំកម្មវិធីពិព័រណ៍ អំពីរបៀបធ្វើយ៉ាងណាដើម្បីទទួលបានទិដ្ឋាការទៅរស់នៅ សិក្សា និងវិនិយោគនៅបរទេស បានលឿន ឆាប់រហ័ស សម្រាប់ឆ្នាំ២០២០ នៅសណ្ឋាគារណាហ្គាវើល។ ពិព័រណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ដែលជាកម្មវិធីកម្រមួយ ដោយមានអ្នកជំនាញផ្នែកច្បាប់ មកពីបណ្តាប្រទេសជាង១០ខុសៗគ្នា មកចែករំលែកព័ត៌មានដោយផ្ទាល់ដល់អ្នកចូលរួម និងផ្តល់នូវឯកសារជំនួយស្មារតីជាច្រើន ថែមទៀត។

លោក សុខ មង្គលរស្មី អគ្គនាយកក្រុមហ៊ុន Australian Investment Asia បានឱ្យដឹងថា ពិព័រណ៍នេះមិនត្រឹមបើកឱកាសឱ្យចូលរួមដោយសេរី និងឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់ ដែលមកពីប្រទេសអាមេរិក អូស្ត្រាលី និងប្រទេសកាណាដាជាដើម នឹងជួយបកស្រាយចម្ងល់ដោយផ្ទាល់តាមរយៈកម្មវិធី សំណួរចម្លើយ ថែមទៀតដល់អ្នកចូលរួមទាក់ទងនឹងការស្នើសុំទិដ្ឋាការ វិនិយោគ រស់នៅធ្វើការ និងទៅសិក្សា។

លោកអគ្គនាយកក្រុមហ៊ុន បានថ្លែងបន្តថា នាពេលកន្លងមកក្រុមហ៊ុនបានជួបអថិជនជាច្រើនដែលមានបញ្ហាទាក់ទងនឹងការស្នើរសុំទិដ្ឋា ការចេញទៅសិក្សា ឬរស់នៅ ក្រៅប្រទេស។ ដូច្នេះការពិព័រណ៌នេះនឹងជួយតម្រង់ទិសដល់អ្នកដែលចង់ទៅរស់នៅ សិក្សា និងវិនិយោគនៅបរទេស ជាពិសេសនៅអូស្ត្រាលី។ លោកថា ប្រជាជនកម្ពុជាមួយចំនួនមិនទាន់យល់ពីបញ្ហាស្នើសុំវីសា និងទិដ្ឋាការបានស៊ីជម្រៅនោះទេ ពួកគេគិតថាវាជាការបំពេញពាក្យស្នើសុំធម្មតា និងស្មានតែបកប្រែឯកសារ ដូចគ្នាទាំងអស់តែប៉ុណ្ណោះ។

លោក សុខ មង្គលរស្មី បានបន្តថា អតិថិជនមួយចំនួនយល់ថា ការសុំសិទ្ធជ្រកកោន ឬស្នាក់នៅរយៈវែងនៅបរទេស គឺជាការបំពេញពាក្យសុំទិដ្ឋាការសាមញ្ញ ពុំចាំបាច់មានការយល់ដឹងជ្រាលជ្រៅអំពីច្បាប់របស់ប្រទេសដែលខ្លួនចង់ទៅនោះក៏បាន និងបញ្ហាមួយទៀតគឺពួកគេយល់ថាមេធាវីម្នាក់ណាក៏សុទ្ធតែមានសមត្ថភាព ទូលំទូលាយ អាចជួយរៀបចំឯកសារដាក់ពាក្យស្នើរសុំទិដ្ឋាការបានដូចៗគ្នា ទាំងអស់នេះជាការគិតខុស។

សូមបញ្ជាក់ថា ក្រុមហ៊ុន Australian Investment Asia ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាតាំងពីអំឡុងឆ្នាំ២០០១មកម្លេះ រហូតបច្ចុប្បន្នក្រុមហ៊ុនមួយនេះបានជួយរៀប ឯកសារជូនអតិថិជនខ្លួនទទួលសិទ្ធស្របច្បាប់ចេញទៅរស់នៅ រៀនសូត្រ និងវិនិយោគនៅឯបរទេសជាង ៨,០០០ករណី៕