(តាកែវ)៖ នៅក្នុងឱកាសចុះត្រួតពិនិត្យទំនិញ និងចំណីអាហារជាច្រើនមុន រួមនឹងគ្រឿងកំប៉ុងជាច្រើនមុខ នៅក្នុងផ្សារសំរោងយ៉ោង ដែលស្ថិតនៅក្នុងស្រុកបាទី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្រ្តីជំនាញកាំកុងត្រូល បានធ្វើតេស្តបឋមរកឃើញសារធាតុគីមីប៊ូរ៉ាក់ នៅនំបាញ់ឌុក។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូល ដែលបានដឹកនាំមន្រ្តីជំនាញ សហការនឹងមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងសន្តិសុខផ្សារ បានថ្លែងឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យទំនិញថា មន្រ្តីជំនាញបានធ្វើតេស្តបឋមទៅលើចំណីអាហារ និងបន្លែ រួមនឹងនំបង្អែមជាច្រើនមុខ ក្នុងនោះយើងបានរកឃើញវត្តមានប៉ូរ៉ាក់ ដែលជាសារធាតុគីមីនៅក្នុងនំបាញ់ឌុក ហើយក៏បានធ្វើការដកហូតយកមកដុតបំផ្លាញ់ចោលភ្លាមៗផងដែរជិត១០គីឡូក្រាម។

លោក ប៉ោ លាងគង់ បានថ្លែងបន្តថា សារធាតុគីមីប៊ូរ៉ាក់នេះ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋណា ដែលបរិភោគចំណីអាហារដែលមានផ្ទុកសារធាតុគីមីមួយនេះ គឺបង្កឲ្យមានបញ្ហាតម្រងនោម ឈឺក្បាល រលាកប្រព័ន្ធរំលាយអាហារ ក្រពះ ពោះវៀន ថ្លើម រមាស់ស្បែក ហើយសម្រាប់មនុស្សធំពេញវ័យលាយចាប់ពីកម្រិត៧ដល់៣៥ក្រាម បណ្តាល ឲ្យស្លាប់ សម្រាប់មនុស្សចាស់ ១៥ក្រាម និងកុមារ ៥ក្រាម អាចបង្កឲ្យក្អូតធ្លាក់ឈាម និងស្លាប់បាន។

លោកប្រធានសាខា បន្ថែមទៀតថា ក្រៅពីបានធ្វើតេស្តទៅលើចំណីអាហារ រួមនឹងបន្លែខាងលើនេះ មន្រ្តីជំនាញក៏បានពិនិត្យផងដែរទៅលើគ្រឿងកំប៉ុង ដើម្បីរកមើលគ្រឿងកំប៉ុងណាដែលហួស កាលបរិច្ឆេទប្រើប្រាស់ និងមានសភាពចាស់ ច្រេះ កំបិត ពិសេសយើងក៏បានណែនាំទៅដល់ក្រុមអាជីវករ ឲ្យរៀបចំទុកដាក់របស់លក់ដូរ ធ្វើយ៉ាងម៉េចលក់ឲ្យមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ ជៀសវាងដាក់លក់ ត្រូវថ្ងៃ ដែលធ្វើឲ្យទំនិញនោះឆាប់ខូចគុណភាព ហើយគ្រឿងកំប៉ុងណាដែលមានសភាពមិនល្អ ឬហួស កាលបរិច្ឆេទ សូមកុំដាក់លក់ជូនអតថិជន យកទុកដាច់ដោយឡែកពីគ្នា ឬយកទៅបំផ្លាញចោលដោយខ្លួនឯង៕