(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ការវិនិយោគបន្ថែមលើសុខភាពកុមារ គឺជារឿងសំខាន់ ដើម្បីបន្ដវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ឱ្យបានគង់វង្សយូរអង្វែងទៅមុខទៀត ។

ការថ្លែងបែបនេះ រដ្ឋមន្ដ្រីក្នុងឱកាសអញ្ជើញជាអធីបតីភាព ក្នុងទិវាសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ «សុខភាពកុមារកម្ពុជាពេលអនាគត» ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា វឌ្ឍនភាពដែលសម្រេចបាននៅកម្ពុជា ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ ធ្វើឱ្យប្រទេសកម្ពុជា មានឈ្មោះល្បីល្បាញ ជាប្រទេសមួយក្នុងចំណោម ប្រទេសដែលសម្រេចបានលទ្ធល្អបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រ៉ាប់បញ្ជូលទាំងការសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សរ៍ ដែលពាក់ព័ន្ធនៅឆ្នាំ២០១៥ផងដែរ។

លោកសាស្ដ្រាចារ្យ ថ្លែងបញ្ជាក់ថា «បច្ចុប្បន្ននេះ ម្ដាយ និងកុមារ កាន់តែច្រើននាក់ជាងមុន អាចទទួលបានសេវាថែទាំផ្ទៃពោះ និងសេវាថែទាំក្រោយសម្រាលកាន់តែប្រសើរជាងមុន ទារកកាន់តែច្រើនជាងមុនដែលសម្រាលដោយឆ្មបជំនាញ ហើយមានកុមារកាន់តែច្រើននាក់ថែមទៀត បានទទួលថ្នាំបង្ការគ្រប់គ្រាន់»

បើទោះបីជាមានការសម្រេចជោគជ័យបែបនេះ យ៉ាងណាក៏ដោយម្ដាយ និងកុមារជាច្រើននាក់នៅកម្ពុជា នៅបន្ដបាត់បង់ជីវិត ដោយសារមូលហេតុដែលអាចបង្ការជាមុនបាន។ ក្រៅពីការរស់រាន នៅមានសកម្មភាពជាច្រើនទៀត ដែលត្រូវធ្វើដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់កុមារនៅកម្ពុជា ជាពិសេស ដើម្បីធានាយ៉ាងណាឱ្យកុមារ អាចអភិវឌ្ឍបានពេញលេញ នូវសក្ដានុពលរបស់ពួកគេ តាមរយៈការចូលរួមចំណែកពីគ្រប់វិស័យទាំងអស់នៅក្នុងសង្គម តួយ៉ាងវិស័យសុខាភិបាល អប់រំ បរិស្ថាន និងគាំពារសង្គមជាដើម។

ជាមួយគ្នានោះ លោកស្រី Cristian Munduate តំណាងអង្គភាពយូនីសេហ្វ ប្រចាំកម្ពុជា បានជំរុញឱ្យដៃគូអភិវឌ្ឍបង្កើនការសហការគ្នា ក្នុងការងារគន្លឹះចំនួនបី៖ ប្រមូលភស្ដុតាងដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការអនុវត្ដសកម្មភាព ជំរុញឱ្យមានការអនុវត្ដល្អនៅតាមសហគមន៍ និងការផ្ដល់សេវាដោយ អ្នកជំនាញខាងសុខភាពដែលមានសមត្ថភាព ។

លោកស្រីបន្ដថា «យើងអាចបន្ដជោគជ័យ ដែលយើងបានសម្រេចកន្លងមក ដែលប្រើប្រាស់ចំណេះដឹង ដែលយើងមានរួមគ្នា និងការផ្ដាច់ចិត្ដរបស់យើង ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០ ពោលគឺពិភពលោក ដែលពុំមានម្ដាយ ឬកុមារណាម្នាក់ បាត់បង់ជីវិតដោយសារមូលហេតុ ដែលអាចបង្ការបានជាមុននោះឡើយ»

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត Kumanan Rasanathan អ្នកសម្របសម្រួលប្រព័ន្ធសុខាភិបាលរបស់អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងដែរថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារដើម្បីសម្រេចបាននូវវឌ្ឍនភាពដ៏ច្រើន ក្នុងការកាត់បន្ថយមរណភាពមាតា និងកុមារ បញ្ហាប្រឈមសម្រាប់កម្ពុជា នាពេលបច្ចុប្បន្ននេះ គឺត្រូវពង្រឹងលទ្ធផលដែលសម្រេចបានទាំងនេះ តាមរយៈការវិនិយោគបន្ថែមលើការអភិវឌ្ឍកុមារ។

ជាពិសេស ក្នុងពេលជាមួយគ្នានេះ ខិតខំសម្រេចគោលដៅបញ្ចប់ករណីស្លាប់ ដោយសារមូលហេតុដែលអាចបង្ការជាមុនបាន និងឆ្លើយតបចំពោះការគំរាមគំហែងថ្មីៗ ដូចជា ការបំពុលបរិស្ថាន ការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ អាហារដែលនាំឱ្យខូចសុខភាព និងការប្រើប្រាស់សារជាតិញៀនជាដើម៕