(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាម ២០០កប្លោក ជាមធ្យមក្នុងមួយថ្ងៃ ខណៈតម្រូវការឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស មិនទាន់ឆ្លើយតបនឹងតម្រូវការជាក់ស្តែង នៅឡើយទេ។

ការបញ្ជាក់បែបនេះ របស់លោកវេជ្ជបណ្ឌិត លី សុវិទ្យ បានធ្វើឡើងនៅក្នុងឱកាសដែលលោកក្រសួងការពារជាតិ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមវត្តមានលោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ ដោយមានការចូលរួមពីសំណាក់ នាយទាហានកម្ពុជា និងនាយទាហានប្រទេសជាមិត្តជាង៣០០នាក់ នៅសាកលវិទ្យាល័យការពារជាតិ។

លោកវេជ្ជបណ្ឌិត លី សុវិទ្យ បានថ្លែងយ៉ាងដូច្នេះថា៖ «តម្រូវការឈាមអីឡូវនេះ មិនទាន់គ្រប់គ្រាន់ទេ សម្រាប់សង្គ្រោះជនរងគ្រោះដែលត្រូវការឈាម ខណៈបច្ចុប្បន្ននេះយើងទទួលបានអ្នកស័គ្រចិត្ត បរិច្ចាគឈាមបានតែ២០ ឬ២២ភាគរយទេ អញ្ចឹងនៅ៧៨ភាគរយទៀត គឺសុទ្ធតែអ្នកបរិច្ចាគឈាមជំនួស ខណៈក្នុងមួយថ្ងៃ ជាមធ្យមត្រូវការឈាមចំនួន២០០កប្លោក ដើម្បីជួយជីវិតមនុស្ស»។

លោកវេជ្ជបណ្ឌិត លី សុវិទ្យ បានបង្ហាញក្តីសង្ឃឹមថា ប្រសិនបើបណ្តាក្រសួង ស្ថានប័ន ព្រមទាំងបណ្តាអង្គភាពនានា រៀបចំឱ្យមានកម្មវិធីបរិច្ចាគឈាមញឹកញាប់ សង្ឃឹមថា នឹងអាចទប់ទល់បានសម្រាប់ជនរងគ្រោះទាំងឡាយណាដែលត្រូវការឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពួកគាត់។

ក៏ប៉ុន្តែ លោកវេជ្ជបណ្ឌិត លី សុវិទ្យ បានឱ្យដឹងថា តាមរយៈការសង្កេតរបស់លោកបច្ចុប្បន្ននេះ មានយុវជន ព្រមទាំងអ្នកស័្មគ្រចិត្តកាន់តែច្រើនឡើង បាននាំគ្នាមកបរិច្ចាគឈាម ជាពិសេសតាមរយៈសកម្មភាពរបស់លោក ហ៊ុន ម៉ានី ដែលប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក គីម រិទ្ធី ជាប្រធាន ស.ស.យ.ក ខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត ដែលតែងតែដឹកនាំយុវជនបំផុសចលនាការបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយដល់ជនរងគ្រោះជាដើម។

បន្ថែមពីនេះ លោកវេជ្ជបណ្ឌិត លី សុវិទ្យ បានបញ្ជាក់ថា បច្ចុប្បន្ននេះដែរ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រើប្រាស់ឈាម ដើម្បីជួយដល់ជនរងគ្រោះដែលត្រូវការឈាម បានតែទប់ទល់តែប៉ុណ្ណោះ ប៉ុន្តែ អាចទទួលយកបាន។ ការផ្តល់ឈាម គឺមានអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់មនុស្សជាតិ ជាពិសេសអាចដឹងពីបញ្ហាសុខភាព របស់ខ្លួនផងដែរ។ លោកក៏បានអំពាវានាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីជួយដល់ជីវិតមនុស្ស។

លោកស្រី ដាំ ដារីនី បានឱ្យដឹងថា ការស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមនេះ បានបង្ហាញឱ្យឃើញពីការចូលរួមរបស់បងប្អូនយោធិន នៃកងយោធពលខេមរភូមិន្ទ ក្រៅពីការងារស្នូល ដែលជាកម្លាំងដ៏មុតស្រួច ក្នុងកិច្ចការពារជាតិ និងកសាងមាតុភូមិ បានចូលរួមក្នុងកិច្ចការងារសង្គម ជាពិសេសក្នុងបរិច្ចាគឈាម ក្នុងថ្ងៃនេះ គឺបានកើតឡើង ពីការស្ម័គ្រចិត្តពិតប្រាកដ របស់បងប្អូនប្រកបដោយមនុស្សធ៌ម។

លោកស្រី ដាំ ដារីនី បានបន្តថា ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ជួយដល់សង្គម ជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គម ដើម្បីប្រទេសជាតិ។ ម្យ៉ាងវិញទៀត វាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិត ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាទង្វើប្រកបដោយមនុស្សធម៌ ដែលឆ្លើយតបទៅនឹងតម្រូវការ សង្គមយ៉ាងពិតប្រាកដ។ អំណោយឈាមរបស់បងប្អូនក្នុងថ្ងៃនេះ គឺអាចជួយសង្គ្រោះដល់ជីវិតអ្នកជំងឺបានទាន់ពេលវេលា ជាពិសេសអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ដូចជាជំងឺទាក់ទិននឹងការហូរឈាម តាមប្រដាប់រំលាយអាហារ ការវះកាត់ ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតីនៅមុន និង ក្រោយពេលសំរាលកូន ជំងឺខ្សោយតំរង់នោមនិងការព្យាបាលថែទាំជំងឺមហារីក ជាដើម។

រដ្ឋលេខាធិការក្រសួងការពារជាតិរូបនេះ បានបញ្ជាក់ថា ការបរិច្ចាគឈាមរបស់បងប្អូនក្នុថ្ងៃនេះ មិនត្រឹមតែជាការជួយដល់អ្នកជំងឺ ដែលកំពុងត្រូវការឈាមប៉ុណ្ណោះទេ គឺបងប្អូននឹងទទួល បានការពិនិត្យសុខភាពពោល គឺអ្នកបរិច្ចាគឈាមទទួលបានការ ពិនិត្យរាងកាយនឹងអាចដឹង ពីកម្រិតសម្ពាធឈាមកម្រិតកូឡេស្តេរ៉ូល ការវិភាគឈាម ដែលជាកត្តាសំខាន់ទាំងពីរ ក្នុងការរក្សាសុខភាព និងដើម្បីប្រាកដថាឈាម អាចប្រើសម្រាប់ការបរិច្ចាគបាន៕