(ជប៉ុន)៖ តបតាមការអញ្ជើញរបស់ទីភ្នាក់ងារនគរបាលជប៉ុន (NPA) និងទទួលការអនុញ្ញាតលោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពី កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់គ្រឿងញៀនលើកទី២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានអ្នកចូលរួមចំនួនជាង១៥០នាក់ ជាមន្រ្តីជាន់ខ្ពស់ផ្នែកគោលនយោបាយ-យុទ្ធសាស្រ្ត និងមន្រ្តីអនុវត្តច្បាប់គ្រឿងញឿន ពីបណ្តាប្រទេសចំនួន៣៨ ជុំវិញពិភពលោក។

លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានឲ្យដឹងថា គោលបំណងនៃសន្និសីទនេះ ត្រូវបានធ្វើឡើងដើម្បីពិនិត្យ ពិភាក្សា ចែករំលែកព័ត៌មាន ពីស្ថានភាពគ្រឿងញៀន នៅតាមបណ្តាប្រទេសនីមួយៗ ស្ថានភាពតំបន់ និងនៅលើពិភពលោកទាំងមូល។

លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្ថែមថា សន្និសីទបានធ្វើការកត់សម្គាល់ វាយតម្លៃ និងសន្និដ្ឋាន លើស្ថានភាពគ្រឿងញឿនក្នុងតំបន់ និងក្នុងពិភពលោកដូចខាងក្រោម៖

*ទី១៖ តម្រូវការគ្រឿងញឿនប្រភេទមេតំហ្វេតាមីន នៅតែបន្តមានការកើនឡើង ពិសេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក
*ទី២៖ តម្លៃគ្រឿងញៀនសំយោគមានការធ្លាក់ចុះ
*ទី៣៖ បរិមាណគ្រឿងញៀនសំយោគរឹបអូស បានមានការកើនឡើងខ្លាំង
*ទី៤៖ ការប្តូរទីផ្សារពីផលិតផលអាភៀន ទៅជាទីផ្សារគ្រឿងញៀនសំយោគក្នុងតំបន់
*ទី៥៖ ការផលិត និងទីផ្សារមេតំហ្វេមីន គ្រីស្តាល់មានការកើនឡើង
*ទី៦៖ ការដាំអាភៀននៅតំបន់ត្រីកោណមាស មានការថយចុះ
*ទី៧៖ ប្រទេសម៉ាឡេស៊ី និងផ្លូវសមុទ្រ នៅតែបន្តជាផ្លូវសំខាន់ នៃការចរាចរគ្រឿងញៀន៕