(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គម Facebook របស់ខ្លួនថា សារធាតុថ្នាំប្រឆាំងជំងឺគ្រុនចាញ់ Chloroquine Phosphate អាចមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី (COVID-19) ដែលទើបនឹងស្រាវជ្រាវឃើញដោយក្រសួងវិទ្យាសាស្រ្តចិន។

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានសរសេរយ៉ាងដូច្នេះថា៖ «នាថ្ងៃទី១៧ ខែកុម្ភៈ យន្តការទប់ស្កាត់ និងគ្រប់គ្រងរួមនៃក្រុមប្រឹក្សារដ្ឋចិន បានរៀបចំសន្និសីទសារព័ត៌មានមួយ ដោយបានបកស្រាយពីវឌ្ឍនភាពកិច្ចជួយសង្គ្រោះព្យាបាលនៃវេជ្ជសាស្រ្ត។

លោកស្រី Sun Yanrong អនុប្រធានមជ្ឈមណ្ឌលជីវសាស្រ្តនៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចិនមានប្រសាសន៍ថា ផ្អែកលើការស្រាវជ្រាវព្យាបាលជាក់ស្តែងដែលត្រូវបានរៀបចំឡើងដោយស្ថាប័នព្យាបាលដំណាក់កាលដំបូង លទ្ធផលបានបញ្ជាក់ឲ្យឃើញថា សារធាតុ Chloroquine Phosphate អាចព្យាបាលជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី បានយ៉ាងមានប្រសិទ្ធភាព។

ផ្អែកលើសេចក្តីតម្រូវការចាំបាច់ នៃការជួយសង្គ្រោះព្យាបាលជាក់ស្តែងនាពេលបច្ចុប្បន្ននេះ អ្នកឯកទេសបានធ្វើការជំរុញរួមគ្នា នឹងយកសារធាតុប្រភេទនេះ ដាក់បញ្ចូលក្នុងត្រីវិស័យនៃការព្យាបាលប្រភេទថ្មីយ៉ាងឆាប់រហ័ស ដើម្បីអនុវត្តពង្រីកការព្យាបាលជាក់ស្តែង»

សូមបញ្ជាក់ថា ក្រុមអ្នកជំនាញនិងក្រុមវេជ្ជបណ្ឌិតចិន ផ្អែកលើលទ្ធផលនៃការព្យាបាលសាកល្បងបានទទួលស្គាល់ថា ក្លរ៉ូគីន ហ្វូស្វាត (Chloroquine Phosphate) ដែលជាថ្នាំប្រឆាំងនឹង ជំងឺគ្រុនចាញ់ មានប្រសិទ្ធភាពជាក់ស្ដែងក្នុងការព្យាបាលវីរុសកូរ៉ូណាថ្មី COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយយោងទៅលើអនុប្រធានមជ្ឈមណ្ឌលជាតិចិន សម្រាប់ការអភិវឌ្ឍជីវបច្ចេកវិទ្យា ដែលស្ថិតក្រោម ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន គឺលោកស្រី Sun Yanrong។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះ លោកស្រី Sun Yanrong បានបន្ថែមដូច្នេះថា ៖ «ក្រុមអ្នកជំនាញបានឯកភាពគ្នាជាឯកច្ឆ័ន ក្នុងការសន្មតថា ថ្នាំក្លរ៉ូគីន ហ្វូស្វាត នឹងត្រូវបានដាក់បញ្ចូលទៅក្នុងវិធីសាស្ត្រព្យាបាល វីរុសកូរ៉ូណា ឬ Covid-19 ហើយការព្យាបាលសាកល្បង ទ្រង់ទ្រាយធំនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន»។

គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន ១៤,៣៧៦នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។

បើតាមតួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ ២,០០៤នាក់ ខណៈ ៧៤,១៨៥នាក់ឆ្លងនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន៕