(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្រេចផ្តល់មេធាវីការពារក្តីដោយឥតគិតថ្លៃជូនស្ត្រីជាប់ឃុំ ដែលមានកូនតូចនៅជាមួយនៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដែលទារិកាអាយុ៥ខែនោះ បានស្លាប់នៅមន្ទីរពេទ្យដោយជំងឺរលាកសួតធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់ពីលោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ការសម្រេចរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងក្រោយទទួលព័ត៌មាន តាមបណ្តាញសារព័ត៌មានផ្សេងៗ ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការស្លាប់របស់ទារិកា អាយុ៥ខែ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ដែលរស់នៅជាមួយម្តាយ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងបន្ថែមថា ក្រោយពីទទួលបានព័ត៌មាននេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារស៉ីបអង្កេត ធ្វើការប្រមូល ពិនិត្យ សិក្សា និងវិភាគលើព័ត៌មាននិងរបាយការណ៍បឋម និងចុះស៉ើបអង្កេតដោយផ្ទាល់នៅនឹងកន្លែង ដោយជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន៖ ប្រធានពន្ធនាគារ មន្ត្រីប៉ុស្តិ៍សុខភាព ជនជាប់ឃុំដែលនៅបន្ទប់ជាមួយគ្នាចំនួន ២រូប ម្តាយទារិកា និងប្រធានអគារ ហើយទទួលបាននូវលទ្ធផលដូចតទៅ៖

១៖ ពិតជាមានករណីស្លាប់របស់ទារិកា អាយុ៥ខែ ជាកូនរបស់ស្ត្រីជាប់ឃុំ ដែលជាប់ចោទពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ទារិការូបនេះ បានបញ្ជូនទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ដោយសណ្តកឆ្អឹង១ រួចមន្ទីរពេទ្យ ក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ខាងពន្ធនាគារក៏បានបញ្ជូនមកមន្ទីរពេទ្យកុមារជាតិ មុនការណាត់ជួបជាលើកទី២។ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ទារិកាបានបញ្ជូនមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានស្លាប់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០៨៖៣០នាទីព្រឹក ដោយជំងឺរលាកសួតធ្ងន់ធ្ងរ។

២៖ ខាងពន្ធនាគារបានតាមដាន និងបញ្ជូនទារិកាទៅព្យាបាលដោយយកចិត្តទុកដាក់ គ្មានការធ្វេសប្រហែសម្តងណាឡើយ ប៉ុន្តែដោយអាការៈរបស់ទារិការូបនេះ មានសភាពធ្ងន់ធ្ងរពេក ទើបមិនអាចជួយសង្គ្រោះបាន ហើយខាងពន្ធនាគារពិតជាមានការសោកស្តាយចំពោះការស្លាប់របស់ទារិការូបនេះ។

៣៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរកឃើញថាស្រ្តីជាប់ឃុំរូបនេះ មិនបានទទួលព័ត៌មានគ្រប់គ្រាន់ពាក់ព័ន្ធនឹង សិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ឡើយ ដោយមិនមានមេធាវីការពារក្តីជូនគាត់។

៤៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្រេចផ្តល់នូវមេធាវីការពារក្តី តាមការស្នើសុំរបស់ស្រ្តីជាប់ឃុំរូបនេះ ដោយឥតគិតថ្លៃ និងចូលរួមគ្រប់ដំណើរការនីតិវិធីរបស់តុលាការ ក្នុងការការពារសិទ្ធិរបស់ជនជាប់ឃុំតាមផ្លូវច្បាប់ និងស្នើសុំឱ្យជនជាប់ឃុំរូបនេះបានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នផងដែរ៕