(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០១៩នេះ នៅក្នុងប្រទេសកម្ពុជា មានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ជិត៦០០០ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

របាយការណ៍នេះ បានបញ្ជាក់ថា «សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួន ៥៧១៦ (សមាគម ២២៥១ អង្គការមិនមែនរដ្ឋាភិបាល ៣៣២៤ និងសហគមន៍ ១៤១)» ហើយសម្រាប់តែក្នុងរយៈពេល១ឆ្នាំ គឺ២០១៩នោះ ក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ចំនួន២៨៥ផងដែរ។

នៅក្នុងឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានរៀបចំវេទិកាស្តីពី ភាពជាដៃគូរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៉ីវិលចំនួន ២លើក ក្នុងគោលបំណងធ្វើការពិនិត្យឡើងវិញ នូវស្ថានភាពកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការសង្គមស៉ីវិល ការកំណត់នូវបញ្ហាប្រឈមនានា ដែលបានជួបប្រទះនាពេលកន្លងមក និងស្វែងរកដំណោះស្រាយចំពោះសំណើ សំណូមពរ និងអនុសាសន៍ ដែលបានលើកឡើងដោយអង្គការសង្គមស៉ីវិល ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយ៉ាងពិតប្រាកដ ដែលអាចរួមចំណែកដល់ការសម្រេចបាននូវគោលដៅកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

បើតាមរបាយការណ៍ដដែល ក្រសួងក៏បានរៀបចំកិច្ចប្រជុំ ជាមួយតំណាងអង្គការសង្គមស៉ីវិលចំនួន ២លើក ដើម្បីពិនិត្យ ពិភាក្សាពីសំណើ និងអនុសាសន៍របស់អង្គការសង្គមស៉ីវិល ពាក់ព័ន្ធនឹងសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕