(ភ្នំពេញ)៖ របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទួលសង្កែទី១ បានឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ ក្រសួងមហាផ្ទៃម្នាក់ ពីបទហិង្សាដោយចេតនា ក្រោយមន្ត្រីនគរបាលរូបនេះ យកកាំបិតកាប់ជនរងគ្រោះ ដែលព្យាយាមទាក់ទងប្រពន្ធខ្លួន បណ្ដាលឲ្យរងរបួសនៅក្នុងផ្ទះសំណាក់បឹងលាភ។

ភ្លើងប្រចណ្ឌក្លាយជាអំពើហិង្សាដោយចេតនា និងឈានដល់ការឃាត់ខ្លួនមន្ត្រីនគរបាល បានកើតមានឡើងនាវេលាម៉ោង០៩៖០០នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្ទះសំណាក់បឹងលាភ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនបង្កក្នុងអំពើហិង្សាដោយចេតនានេះមានឈ្មោះ ហ៉ឹម សុធាណារ៉ាក់ អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ឯជនរងគ្រោះមិនទាន់ស្គាល់ពីអត្តសញ្ញាណនោះទេ ដោយសារតែបន្ទាប់ពីជនសង្ស័យជាមន្ត្រីនគរបាល ប្រើកាំបិតប៉័ងតោកាប់ បណ្ដាលឲ្យរងរបួសត្រង់កំភួនដៃរួចហើយ ជនរងគ្រោះ ក៏បានឡើងជិះម៉ូតូឌុបទៅមន្ទីរពេទ្យដើម្បីព្យាបាល។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បញ្ជាក់ទៀតថា ក្រៅពីឃាត់ខ្លួនមន្ត្រីនគរបាល កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ បានចាប់យកវត្ថុតាងរួមមាន៖ កាំបិតប៉័ងតោចំនួន០២, ម៉ូតូ១គ្រឿងម៉ាក GBIX ពណ៌ខ្មៅ ពាក់ផ្លាកកលេខភំ្នពេញ 1HR-7974, វិទ្យុទាក់ទង MOTOROLA លេខ736180 មួយគ្រឿង, ទូរសព្ទ័ចំនួន០២គ្រឿងម៉ាក, VIVO ពណ៌ខ្មៅ និងមួយគ្រឿងទៀតម៉ាក iPhone សែ្វនផេី្លស ពណ៌ខ្មៅ។

មន្ត្រីនគរបាលបានឲ្យដឹងពីដំណើររឿងថា នៅវេលាកើតហេតុ ជនបង្កបានចេញមកពីផ្ទះនៅខណ្ឌសែនសុខ ដោយជិះម៉ូតូ១គ្រឿង សំដៅមកផ្ទះសំណាក់បឹងលាភ ភូមិទួលសំពៅ សងា្កត់ទួលសង្កែទី១ ហើយក៏ដើរចូលសួររកបន្ទប់ជនរងគ្រោះ ប៉ុន្តែមេការផ្ទះសំណាក់បឹងលាភ បានឆ្លើយថា គ្មានមនុស្សនៅទេ។ ត្រឹមតែមួយសន្ទុះក្រោយមក ជនបង្កបានឈរមើលទៅកាំមេរ៉ាសុវត្ថិភាព ក្នុងផ្ទះសំណាក់បឹងលាភនេះ ក៏ឃើញជនរងគ្រោះដើរចុះមកខាងក្រោមដល់ជាន់ទី១ ស្រាប់តែជនសង្ស័យដកកាំបិតចេញពីកាបូប ហើយរត់ទៅកាប់ត្រូវចំដៃជនរងគ្រោះបណ្តាលឲ្យរបួសតែម្ដង។

បន្ទាប់ពីផ្ទុះហិង្សាភ្លាមៗ ជនរងគ្រោះបានរកម៉ូតូឌុបជិះទៅរកមន្ទីរពេទ្យម្នាក់ឯង ដើម្បីព្យាបាល។ ចំណែកជនបង្កជាមន្ត្រីនគរបាល ត្រូវបានកម្លាំងល្បាតរបស់ប៉ុស្ដិ៍ទួលសង្កែទី១ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនភ្លាមៗ យកសាកសួរតាមជំនាញទើបដឹងថា ការផ្ទុះអំពើហិង្សានេះ ផ្ដើមចេញពីភ្លើងប្រចណ្ទ ដោយសារជនរងគ្រោះទាក់ទងប្រពន្ធរបស់ខ្លួន។

យ៉ាងណាក៏ដោយ ពេលនេះជនបង្កជាមន្ត្រីនគរបាល បាននិងកំពុងស្ថិតក្រោមការឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕